សម្តេចតេជោ អបអរលោក To Lam ជាប់ឆ្នោតជាប្រធានរដ្ឋសាធារណរដ្ឋសង្គមនិយមវៀតណាម

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតអបអរសាទរជូន ឯកឧត្តម To Lam អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម (CPV)  ដែលត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានរដ្ឋ សាធារណរដ្ឋសង្គមនិយមវៀតណាម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈលិខិត ផ្សាយចេញនៅថ្ងៃទី ៧ ខែមេសា ឆ្នាំ២០២៦ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ក្នុងនាមព្រឹទ្ធសភាកម្ពុជា និងក្នុងនាមរូបខ្ញុំផ្ទាល់ សម្តេចតេជោ បានសាទរដោយស្មោះអស់ពីដួងចិត្តចំពោះ លោកដែលត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានរដ្ឋ នៃ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងសម័យប្រជុំពេញអង្គលើកទី១ នៃរដ្ឋសភានីតិកាលទី១៦។ ការបោះឆ្នោតជ្រើសរើស លោកឱ្យកាន់តំណែងខ្ពស់បំផុតនេះ ឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីភាពជាអ្នក ដឹកនាំដ៏ល្អពិសេស។

សម្តេចតេជោ បានបង្ហាញការពេញចិត្តយ៉ាងខ្លាំងចំពោះការពិត ដែលថាទំនាក់ទំនងដ៏យូរអង្វែងរវាងប្រទេស យើងទាំងពីរ ត្រូវបានកសាងឡើងលើគ្រឹះដ៏រឹងមាំនៃសាមគ្គីភាព ការជឿជាក់ ការយោគយល់គ្នាទៅវិញ ទៅមក កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង។ សម្តេចតេជោ ក៏ជឿជាក់ថាក្រោមការដឹកនាំ របស់ លោក ទំនាក់ទំនងទ្វេភាគីរបស់យើង នឹងត្រូវពង្រឹងនិងអភិវឌ្ឍឈានដល់កម្រិតកាន់តែខ្ពស់។

សម្តេចតេជោ ក៏បញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំថា ក្នុងការបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយ លោកដើម្បីធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការទ្វេភាគីរបស់យើង ទាំងក្នុងកម្រិតទ្វេភាគី និង ពហុភាគី ដើម្បីឧត្តមប្រយោជន៍របស់ប្រជាជនយើងទាំងពីរ និងដើម្បីបុព្វហេតុសន្តិភាព ស្ថិរភាព និង វិបុលភាពនៅក្នុងតំបន់ និងពិភពលោក៕