លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការពិសេស បានចុះពិនិត្យ និងជំរុញការរៀបចំ និងការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ ដើម្បីត្រៀមរៀបចំពិធីបើកការដ្ឋានសាងសង់ កំណាត់ទី២ នាពេលខាងមុខនេះ។

កាលថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ លោក ស៊ុន ចាន់ថុល បានចុះជំរុញការរៀបចំ និងការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ ចុះពិនិត្យផ្ទៀងផ្ទាត់ ទីតាំងត្រៀម រៀបចំពិធីបើកការដ្ឋានសាងសង់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ កំណាត់ទី២ដែលមានទីតាំងស្ថិតនៅ ភូមិត្រើយឃ្លោក ឃុំដូងខ្ពស់ ស្រុកបូរីជលសារ ខេត្តតាកែវ។ ពិធីនេះក៏មានការចួលរួមពី ថ្នាក់ដឹកនាំក្រសួង ក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្រុមហ៊ុនសាងសង់ និងមន្រ្តីជំនាញពាក់ព័ន្ធផងដែរ។
គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ កំណាត់ទី២ នេះ នឹងត្រូវបើកការដ្ឋានសាងសង់នៅខេត្តតាកែវ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
គួររម្លឹកថា ព្រែកជីកហ្វូណនតេជោ មានប្រវែង ១៨០គីឡូម៉ែត្រ (ទទឹងមុខកាត់ផ្នែកខាងលើប្រវែង ១០០ម៉ែត្រ ផ្នែកខាងក្រោម ៨០ម៉ែត្រ) តភ្ជាប់ពីព្រែកតាកែវ នៃទន្លេមេគង្គ រួចចូលតាមបណ្តាព្រែក នៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន ខេត្តកណ្តាល តាកែវ កំពត និងកែប។ គម្រោងនេះ ត្រូវបានរដ្ឋាភិបាល ថានឹងជួយលើកកម្ពស់ការតភ្ជាប់ផ្លូវទឹកក្នុងប្រទេសទៅសមុទ្រជាតិ និងអន្តរជាតិ កាត់បន្ថយចម្ងាយ និងតម្លៃដឹកជញ្ជូន ជំរុញវិស័យធនធានទឹក កសិកម្ម ទេសចរណ៍ និងរួមចំណែកដល់ចក្ខុវិស័យកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០៕ អត្ថបទ៖ហ្សាលីន





