ក្រសួងការបរទេស ចេញសេចក្តីបំភ្លឺជុំវិញដំណើរការផ្លូវច្បាប់ និងការបញ្ជូនខ្លួនអតីតអ្នកឧកញ៉ា ចេន ហ្ស៊ី

ជុំវិញ​ឧកញ៉ា

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ បានចេញសេចក្តីបំភ្លឺ​របស់​អ្នកនាំពាក្យរបស់ក្រសួងស្តីពីដំណើរការផ្លូវច្បាប់ និងការបញ្ជូនខ្លួនលោក ចេន ហ្ស៊ី (អតីតអ្នកឧកញ៉ា) ទៅកាន់ប្រទេសចិន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈខ្លឹមសារលិខិត ក្រសួងសូមធ្វើការបំភ្លឺថា ការសម្រេចចិត្តរបស់កម្ពុជា ក្នុងការបណ្តេញលោក ចេន ហ្ស៊ី ទៅកាន់ប្រទេសចិន ដែលជាប្រទេសដើមកំណើតរបស់ខ្លួន គឺធ្វើឡើងដោយផ្អែកតាមច្បាប់ និងការប្តេជ្ញាចិត្តរបស់​កម្ពុជា អនុវត្តជំនួយផ្លូវច្បាប់ទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការផ្នែកយុត្តិធម៌រវាងប្រទេសទាំងពីរ។

ការដកហូតសញ្ជាតិកម្ពុជាពីលោក ចេន ហ្ស៊ី បានអនុវត្តយ៉ាងហ្មត់ចត់តាមច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពី​សញ្ជាតិ (ចុះថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៥) ជាពិសេសមាត្រា២៩ថ្មី កថាខណ្ឌទី៤ និងអនុក្រឹត្យស្តីពីការអនុវត្ត​ច្បាប់ស្តីពីសញ្ជាតិ (ចុះថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥) មាត្រា៥២ កថាខណ្ឌទី៤។ ផ្អែកលើមាត្រាទាំងពីរនេះ ការដក​ហូត​សញ្ជាតិខ្មែរពីពលរដ្ឋ ដែលទទួលបានសញ្ជាតូបនីយកម្ម ត្រូវធ្វើឡើង ប្រសិនបើបុគ្គលនោះ ត្រូវបានរកឃើញ​ថា បានទទួលសញ្ជាតិខ្មែរតាមរយៈការក្លែងបន្លំ ឬដោយការផ្តល់ព័ត៌មានមិនពិត ក្នុងអំឡុងពេលនៃការដាក់ពាក្យ​ស្នើសុំសញ្ជាតិ។

ការបណ្តេញចេញនេះ គឺជាសិទ្ធិសម្រេចដោយអធិបតេយ្យរបស់កម្ពុជា ដោយផ្អែកលើការរកឃើញភាពមិនប្រក្រតី​នៃការទទួលបានសញ្ជាតិ។ ការណ៍នេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះនីតិរដ្ឋ។ ជាការពិត វាគឺជានីតិវិធីច្បាប់ប្រកបដោយស្តង់ដារមួយ ហើយមិនគួរជាប្រធានបទយកមកបកស្រាយខុស ដោយគ្មានមូលដ្ឋាន​នោះ​ឡើយ។

ប្រព័ន្ធត្រួតពិនិត្យតុល្យភាពអំណាចរបស់កម្ពុជា នៅតែមានភាពរឹងមាំ។ ការបញ្ជូនខ្លួនបុគ្គលនានាក្នុងក្របខ័ណ្ឌ​ច្បាប់ គឺជាដំណើរការផ្លូវការនៃជំនួយផ្នែកច្បាប់ទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការផ្នែកយុត្តិធម៌ ព្រមទាំង​បាន​ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះច្បាប់ជាតិ និងកាតព្វកិច្ចជាអន្តរជាតិរបស់ខ្លួន។

ក្រសួងការបរទេស បានបញ្ជាក់បន្ថែមថា ការអនុវត្តច្បាប់ម៉ឺងម៉ាត់បែបនេះ បញ្ជាក់ពីការប្តេជ្ញាចិត្តឥតងាករេររបស់​កម្ពុជា ចំពោះកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ទន្ទឹម​នឹងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនប្រកបដោយប្រសិទ្ធភាព។

គួររំឭកថា នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ ក្រសួងមហាផ្ទៃកម្ពុជា បានប្រកាសថា សមត្ថកិច្ចនៃព្រះរាជាណាចក្រ​កម្ពុជា បានចាប់ខ្លួនពលរដ្ឋចិន ចំនួន៣នាក់ រួមមាន លោក ចេន ហ្ស៊ី (Chen Zhi) (អតីតអ្នកឧកញ៉ា) ប្រធាន​ក្រុម​ប្រឹក្សាភិបាល​សម្ព័ន្ធក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប (Prince Holding Group) ព្រមទាំងឈ្មោះ Xu Ji Liang និងឈ្មោះ Shao Ji Hui បញ្ជូនទៅ សាធារណរដ្ឋប្រជាមានិតចិន បន្ទាប់ពី​សមត្ថកិច្ច​កម្ពុជា និងសមត្ថកិច្ចនៃ​សាធារណរដ្ឋប្រជាមានិតចិន បានសហការស៊ើបអង្កេតរួមគ្នា អស់រយៈពេលជាច្រើនខែ ក្នុងក្របខណ្ឌនៃកិច្ច​សហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន៕