ឧកញ៉ា ឡាយ ឈុនហួ៖ ការនាំចេញអង្កររបស់កម្ពុជា ទៅកាន់ប្រទេសចិន កើនឡើង ១០០% ក្នុងឆ្នាំ២០២៥

ជុំវិញ​ឧកញ៉ា

ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានបង្ហើបឱ្យដឹងថា​ ក្នុងឆ្នាំ២០២៥ ការនាំចេញអង្កររបស់​កម្ពុជា ទៅកាន់ប្រទេសចិន មានចំនួនប្រមាណ ២៣ម៉ឺនតោន កើនឡើងរហូតដល់ ១០០% បើធៀបទៅនឹង​ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងបទសម្ភាសន៍កាលពីពេលថ្មីៗនេះ លោកឧកញ៉ាប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានលើកឡើងបែបនេះថា​៖ “កំណើនដែលគួរឱ្យកត់សម្គាល់ គឺនៅក្នុងឆ្នាំ២០២៥ ចំពោះទីផ្សារដ៏ធំមួយរបស់កម្ពុជា គឺទីផ្សារចិន មានការកើន​ឡើង​ប្រហែល ជា១០០% ធៀបនឹងឆ្នាំ២០២៤។ កាលឆ្នាំ២០២៤ កម្ពុជានាំចេញអង្ករទៅចិន ប្រមាណ ១១៨,០០០តោន ខណៈឆ្នាំ២០២៥ នាំចេញមានរហូតដល់ ២៣០,០០០តោន។ ដូច្នេះការនាំចេញ គឺកើន​ឡើង ១០០% សម្រាប់ទីផ្សារចិន ហើយទីផ្សារអុឺរ៉ុបក៏មានការកើនឡើងផងដែរ”។

ក្រោយការលើកឡើងរបស់លោកឧកញ៉ាប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ឯកឧត្តម វ៉ាង វិនពីន (WANG Wenbin) ឯកអគ្គរដ្ឋទូត សាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា ក៏បានបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ ​ផងដែរ។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ថា សហព័ន្ធស្រូវ​អង្ករ​កម្ពុជា​បានលើកឡើងថា នៅក្នុងឆ្នាំ២០២៥ ការនាំចេញអង្កររបស់កម្ពុជាទៅកាន់​ប្រទេសចិនកើនឡើង​ប្រហែល ១០០% បើប្រៀបធៀបទៅនឹងឆ្នាំ២០២៤ នាំចេញទៅចិន ប្រមាណ១១ម៉ឺនតោន ខណៈឆ្នាំ២០២៥ នាំចេញ២៣ម៉ឺន​តោន។

សូមជម្រាបថា បើតាមឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា, កម្ពុជាបាន​នាំចេញអង្ករ មានការ​កើនឡើងខ្ពស់ ដោយចាប់ពី៦៥ម៉ឺនតោន រហូតដល់ជាង ៩៤ម៉ឺនតោន នៅក្នុងឆ្នាំ២០២៥ ដែលមាន​កើនឡើង​ប្រហែលជា ៤៦% បើធៀបនឹងឆ្នាំ២០២៤៕