ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានបង្ហើបឱ្យដឹងថា ក្នុងឆ្នាំ២០២៥ ការនាំចេញអង្កររបស់កម្ពុជា ទៅកាន់ប្រទេសចិន មានចំនួនប្រមាណ ២៣ម៉ឺនតោន កើនឡើងរហូតដល់ ១០០% បើធៀបទៅនឹងឆ្នាំ២០២៤។

ក្នុងបទសម្ភាសន៍កាលពីពេលថ្មីៗនេះ លោកឧកញ៉ាប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានលើកឡើងបែបនេះថា៖ “កំណើនដែលគួរឱ្យកត់សម្គាល់ គឺនៅក្នុងឆ្នាំ២០២៥ ចំពោះទីផ្សារដ៏ធំមួយរបស់កម្ពុជា គឺទីផ្សារចិន មានការកើនឡើងប្រហែល ជា១០០% ធៀបនឹងឆ្នាំ២០២៤។ កាលឆ្នាំ២០២៤ កម្ពុជានាំចេញអង្ករទៅចិន ប្រមាណ ១១៨,០០០តោន ខណៈឆ្នាំ២០២៥ នាំចេញមានរហូតដល់ ២៣០,០០០តោន។ ដូច្នេះការនាំចេញ គឺកើនឡើង ១០០% សម្រាប់ទីផ្សារចិន ហើយទីផ្សារអុឺរ៉ុបក៏មានការកើនឡើងផងដែរ”។
ក្រោយការលើកឡើងរបស់លោកឧកញ៉ាប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ឯកឧត្តម វ៉ាង វិនពីន (WANG Wenbin) ឯកអគ្គរដ្ឋទូត សាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា ក៏បានបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ ផងដែរ។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ថា សហព័ន្ធស្រូវអង្ករកម្ពុជាបានលើកឡើងថា នៅក្នុងឆ្នាំ២០២៥ ការនាំចេញអង្កររបស់កម្ពុជាទៅកាន់ប្រទេសចិនកើនឡើងប្រហែល ១០០% បើប្រៀបធៀបទៅនឹងឆ្នាំ២០២៤ នាំចេញទៅចិន ប្រមាណ១១ម៉ឺនតោន ខណៈឆ្នាំ២០២៥ នាំចេញ២៣ម៉ឺនតោន។
សូមជម្រាបថា បើតាមឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា, កម្ពុជាបាននាំចេញអង្ករ មានការកើនឡើងខ្ពស់ ដោយចាប់ពី៦៥ម៉ឺនតោន រហូតដល់ជាង ៩៤ម៉ឺនតោន នៅក្នុងឆ្នាំ២០២៥ ដែលមានកើនឡើងប្រហែលជា ៤៦% បើធៀបនឹងឆ្នាំ២០២៤៕



