ឧកញ៉ា ខូវ គីមបាក់ ក្លាយជាសមាជិក នៃសមាគមអ្នកសាងសង់កម្ពុជា

ជុំវិញ​ឧកញ៉ា

ឧកញ៉ា ខូវ គីមបាក់ នាយកប្រតិបត្តិ ក្រុមហ៊ុន ជ្រោយចង្វារ ព្រែកលៀប ខនស្ក្រាក់សិន (ភ្នំពេញ) បានចូលជា សមាជិក នៃសមាគមអ្នកសាងសង់កម្ពុជា។ នេះបើតាមការបង្ហាញឱ្យដឹងពីទំព័រហ្វេសប៊ុកផ្លូវការ​របស់សមាគម​អ្នកសាងសង់កម្ពុជា នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក​ឧកញ៉ា ខូវ គីមបាក់ ជាពាណិជ្ជករ​ចាស់​វស្សាមួយ​រូប ដែល​បាន​ចាប់ផ្តើម​​ប្រកប​មុខ​ជំនួញ​ តាំងពី​​ប្រទេសកម្ពុជា​ចប់​សង្គ្រាម​ផ្ទៃក្នុងនៅ​ទសវត្សរ៍​ឆ្នាំ១៩៩០។ បច្ចុប្បន្ន​លោកឧកញ៉ា ​​មាន​មុខ​ជំនួញ​ជា​ច្រើន​ពហុវិស័យ រួមមាន​ទាំង​ផ្នែក​អចលនទ្រព្យ សំណង់ និង​ហិរញ្ញវត្ថុ ផង​ដែរ។

ឧកញ៉ា ខូវ គីមបាក់ គឺជា​ប្រធានក្រុមប្រឹក្សាភិបាល និងជា​អគ្គនាយកគ្រឹះស្ថាន សប្បាយ ក្រេឌីត ខមមើសល ភីអិលស៊ី (Sabay Credit Commercial Plc.)។ ​​បើ​តាម​របាយការណ៍​​​របស់​គ្រឹះស្ថានហិរញ្ញវត្ថុមួយនេះ នៅឆ្នាំ២០២០ បាន​ឱ្យ​ដឹង​ថា លោកបាន​បញ្ចប់ថ្នាក់បរិញ្ញាបត្រ ផ្នែកសេដ្ឋកិច្ច និង​បាន​បង្កើត​​គ្រឹះស្ថាន សប្បាយ ក្រេឌីត ខមមើសល ភីអិលស៊ី ជាក្រុមហ៊ុនមានកម្រិតក្រោមច្បាប់ និងបទប្បញ្ញត្តិនានា ដោយ​បានទទួលស្គាល់​ពី​​ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៥ និង​បាន​ទទួល​អាជ្ញាប័ណ្ណ​ស្របច្បាប់ ប្រកប​អាជីវកម្ម​​គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ពីធនាគារ​ជាតិ​នៃកម្ពុជា នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦។

នៅឆ្នាំ១៩៨៩ រហូតមកដល់បច្ចុប្បន្នលោក​ឧកញ៉ា ជាអគ្គនាយក របស់ក្រុមហ៊ុន ម្សៅមី អាស៊ី (Asia Flour Mill Corp.) និងនៅឆ្នាំ១៩៩៣ ដល់ឆ្នាំ១៩៩៩ ជាជំនួយការសម្តេចក្រឡាហោម ស ខេង។ ចាប់ពីឆ្នាំ១៩៩៩ មក លោក​ឧកញ៉ា ធ្លាប់​ជាទីប្រឹក្សាសម្តេច ជា ស៊ីម អតីត​ប្រធានព្រឹទ្ធសភា និងជា​ទីប្រឹក្សា​សម្តេចក្រឡាហោម​ ស ខេង ឧត្តមប្រឹក្សាផ្ទាល់​ព្រះមហាក្សត្រ។

បន្ថែមពីនេះ លោកឧកញ៉ា​ ក៏​ជា​ម្ចាស់បុរី ភ្នំពេញ ផាក ​ដែល​មានទីតាំងស្ថិតលើផ្លូវជាតិលេខ ៦A សង្កាត់ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ រាជធានីភ្នំពេញ។ ជាមួយគ្នានេះ ឧកញ៉ា ខូវ គីមបាក់ គឺជា​នាយកប្រតិបត្តិ ជ្រោយចង្វារ ព្រែកលៀប ខនស្ត្រាក់សិន (ភ្នំពេញ ផាក) ដែលជា​សមាជិក​របស់​សមាគម​អ្នកសាងសង់កម្ពុជា។ លោកឧកញ៉ា ក៏ជាសមាជិកសមាគមឧកញ៉ាកម្ពុជាផងដែរ៕