ប្រាក់ដុល្លារអាមេរិក ត្រូវបានគេរាយការណ៍ថាកំពុងស្ថិតនៅក្នុងទាបបំផុតមិនធ្លាប់មាន ខណៈពេលដែលប្រធានាធិបតីលោក ដូណាល់ ត្រាំ ហាក់មិនបានបង្ហាញការព្រួយបារម្ភអំពីការការធ្លាក់ចុះខ្សោយនៃប្រាក់ដុល្លារនេះនោះឡើយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។

គិតនៅត្រឹមព្រឹកថ្ងៃទី២៨ ខែមករា សន្ទស្សន៍ប្រាក់ដុល្លារ ដែលជាជាវាស់ស្ទង់ទៅលើឥទ្ធិពលនៃប្រាក់ដុល្លារធៀបទៅនឹងរូបិយប័ណ្ណសំខាន់ៗចំនួន៦ ផ្សេងទៀត បានធ្លាក់ចុះមកត្រឹម ៩៥,៥៦ ពិន្ទុត្រឹមរយៈពេលដ៏ខ្លីប៉ុណ្ណោះ។ នេះគឺជាកម្រិតដ៏ទាបបំផុតមិនធ្លាប់មាន គិតចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២២ មក។
ភាពទន់ខ្សោយនេះ បានជំរុញឲ្យប្រាក់អឺរ៉ុបមានតម្លៃត្រឹម ១,២អឺរ៉ូក្នុងមួយដុល្លារអាមេរិក ជាលើកដំបូង គិតចាប់តាំងពីឆ្នាំ២០២១ មក។ ជាមួយគ្នានេះ ប្រាក់ដុល្លារអូស្រ្តាលីក៏បានកើនឡើងដល់កម្រិតខ្ពស់បំផុតផងដែរ ក្នុងរយៈពេលបីឆ្នាំចុងក្រោយ ធៀបទៅនឹងប្រាក់ដុល្លារអាមេរិក។
ទន្ទឹមនឹងនេះ ប្រាក់យ៉េនរបស់ជប៉ុន ដែលត្រូវបានចាត់ទុកថាជាទ្រព្យសម្បត្តិដែលមានសុវត្តិភាពបំផុត ក៏បានងើបឡើងវិញផងដែរ បន្ទាប់ពីបានធ្លាក់ចុះអស់រយៈពេលជាច្រើនខែ ដោយបច្ចុប្បន្នកំពុងត្រូវបានជួញដូរ ១៦២,៧យ៉េនក្នុងមួយដុល្លារ។
យ៉ាងណាមិញ បើតាមអ្នកវិភាគបានបង្ហាញការជឿជាក់ថាការធ្លាក់ចុះនៃតម្លៃប្រាក់ដុល្លារយ៉ាងឆាប់រហ័សបែបនេះ គឺត្រូវបានកើតឡើងដោយសារតែការអធិប្បាយរបស់លោក ដូណាល់ ត្រាំ។ នៅថ្ងៃទី២៧ ខែមករា ដោយបានឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានទាក់ទងទៅនឹងការធ្លាក់ចុះខ្លាំងនៃប្រាក់ដុល្លារនេះ ប្រធានាធិបតីអាមេរិក បែជាលើកឡើងថា ប្រាក់ដុល្លារកំពុងដំណើរការល្អទៅវិញ។
ជម្រាបជូនផងដែរថា ប្រាក់ដុល្លារដែលកំពុងធ្លាក់ចុះខ្សោយនេះ ក៏បានជំរុញដល់ការកើនឡើងនៃតម្លៃមាសអន្តរជាតិផងដែរ ដែលបច្ចុប្បន្នកំពុងកើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន រហូតដល់ ៥ ២៣៩ដុល្លារក្នុងមួយអោន៕

