រដ្ឋមន្ត្រីការបរទេសប៉ូឡូញ កាលពីពេលថ្មីៗនេះ បានប៉ះទង្គិចពាក្យសម្តីជាមួយមហាសេដ្ឋីមានដាច់គេលើលោក Elon Musk លើបញ្ហាដែលរុស្ស៊ី បំពាក់យន្តហោះគ្មានមនុស្សបើករបស់ខ្លួនជាមួយឧបករណ៍បញ្ជូនអ៊ីនធឺណិតតាមផ្កាយរណប Starlink ដែលប្រើប្រាស់ក្នុងការវាយប្រហារលើអ៊ុយក្រែន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន RT។

លោក Radoslaw Sikorski ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសប៉ូឡូញ បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម កាលពីថ្ងៃទី២៨ ខែមករាថា ៖” Elon Musk ហេតុអ្វីបានជាអ្នកមិនបញ្ឈប់រុស្ស៊ីពីការប្រើប្រាស់ប្រព័ន្ធ Starlink ដើម្បីវាយប្រហារទីក្រុងអ៊ុយក្រែន? ការរកលុយពីសកម្មភាពបែបនេះនឹងធ្វើឲ្យខូចម៉ាកយីហោរបស់អ្នក”។
មិនតែប៉ុណ្ណោះ លោក Sikorski ក៏បានចែករំលែកការវាយតម្លៃរបស់វិទ្យាស្ថានសម្រាប់ការសិក្សាសង្គ្រាម (ISW) ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ដែលបានបញ្ជាក់ថា រុស្ស៊ីកំពុងបង្កើនការប្រើប្រាស់យន្តហោះគ្មានមនុស្សបើកអត្តឃាត BM-35 ដែលបំពាក់ដោយឧបករណ៍បញ្ជូនអ៊ីនធឺណិត Starlink និងមានសមត្ថភាពហោះបានចម្ងាយរហូតដល់ ៥០០ គីឡូម៉ែត្រ។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ មហាសេដ្ឋី Elon Musk បានឆ្លើយតបជុំវិញបញ្ហានេះវិញថា៖ “មានតែមនុស្សឆោតល្ងង់ប៉ុណ្ណោះ ដែលមិនដឹងថា Starlink គឺជាឆ្អឹងខ្នងនៃប្រព័ន្ធទំនាក់ទំនងរបស់យោធាអ៊ុយក្រែន”។
យ៉ាងណាមិញនេះមិនមែនជាលើកទីមួយទេដែល Elon Musk និងមេដឹកនាំប៉ូឡូញបានប៉ះទង្គិចគ្នាលើតួនាទីរបស់ Starlink នៅអ៊ុយក្រែន។
ជម្រាបជូនថា កាលពីខែតុលា ឆ្នាំ២០២៥ លោក Musk ធ្លាប់បាននិយាយថា កងទ័ពយោធាអ៊ុយក្រែនទាំងមូលនឹងដួលរលំជាក់ជាមិនខាន ប្រសិនបើពួកគេបាត់បង់សិទ្ធិចូលប្រើសេវាកម្ម Starlink របស់លោកនោះ៕

