ផ្នែកឯកជនក្នុងវិស័យទេសចរណ៍មកពីបណ្តាប្រទេសអាស៊ាន សម្តែងនូវការចាប់អារម្មណ៍ចំពោះសក្តានុពលនៃទីផ្សារទេសចរណ៍កម្ពុជា។

នេះបើតារយៈជំនួបពិភាក្សាការងារ រវាងលោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជាមួយតំណាងក្រុមហ៊ុនឯកជន ដែលជាប្រតិបត្តិករទេសចរណ៍មកពីបណ្តាប្រទេសផ្សេងៗនៅអាស៊ាន ចំនួន ១៨ ក្រុមហ៊ុន ក្នុងឱកាសវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២៦ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ នៅហ្វីលីពីន។

នៅក្នុងជំនួបពិភាក្សាការងារនេះ លោក ហួត ហាក់ បានជម្រាបដល់ប្រតិបត្តិករទេសចរណ៍ទាំងអស់អំពីស្ថានភាពទូទៅនៅកម្ពុជា កត្តាសុខសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងស្ថិរភាពនៃម៉ាក្រូសេដ្ឋកិច្ច ដែលផ្តល់បរិយកាសអនុគ្រោះដល់ការវិនិយោគ និងទេសចរណ៍នៅកម្ពុជា។

លោកបន្តថា កម្ពុជាគឺជាគោលដៅទេសចរណ៍សុវត្ថិភាព មានភាពទាក់ទាញ និងផ្តល់ជូននូវបទពិសោធសម្បូរបែបដល់ភ្ញៀវទេសចរអន្តរជាតិ តាមរយៈសក្តានុពលទេសចរណ៍វប្បធម៌និងធម្មជាតិ, ម្ហូបអាហារ, ប្រពៃណីទំនៀមទំលាប់, ប្រវត្តិសាស្ត្រដ៏ចំណាស់, ភាពរួសរាយរាក់ទាក់និងស្មាមញញឹមរបស់ប្រជាជនខ្មែរ ដែលទាំងអស់នេះគឺជាអត្តសញ្ញាណខ្មែរ។
ក្នុងឱកាសនោះ ប្រតិបត្តិករទេសចរណ៍ទាំងអស់ បានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំង និង រីករាយទៅទស្សនាកម្ពុជាដោយផ្ទាល់ ដើម្បីពិនិត្យលទ្ធភាពរៀបចំកញ្ចប់ទស្សនកិច្ចសម្រាប់ភ្ញៀវទេសចរអន្តរជាតិ ដោយសហការជាមួយផ្នែកឯកជនរបស់កម្ពុជា ក៏ដូចជាក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជា។

សូមបញ្ជាក់ដែរថា វេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២៦ ធ្វើឡើងក្រោមប្រធានបទ « ការរួមគ្នាតម្រង់ទិសអនាគតទេសចរណ៍របស់យើង» ។ ក្នុងនោះ ដោយទទួលបានគោលការណ៍អនុញ្ញាតពីរាជរដ្ឋាភិបាល លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏បានដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ និងក្រុមប្រឹក្សាសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានលើកទី២៩ ផងដែរ។
វេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២៦ មានការអញ្ជើញចូលរួមពីរដ្ឋមន្ត្រីទេសចរណ៍នៃប្រទេសសមាជិកអាស៊ានទាំង១១ , អគ្គលេខាធិការរងអាស៊ាន ព្រមទាំងគណៈប្រតិភូមកពីបណ្តាប្រទេសអាស៊ាន និងលេខាធិការដ្ឋានអាស៊ាន សរុបប្រមាណ ១៥០រូប ទៀត៕


