ក្រុមហ៊ុន Apple កាលពីពេលថ្មីៗនេះ បានប្រកាសពីការកើនឡើងប្រាក់ចំណូលខ្ពស់បំផុត នៅក្នុងរយៈពេល ៣ខែចុងក្រោយកាលពីឆ្នាំមុន ដែលត្រូវបានជំរុញដោយការលក់ iPhone កើនឡើងខ្លាំង នៅក្នុងប្រទេសចិន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

យោងតាមរបាយការណ៍ផ្លូវការពី Apple បានបង្ហាញថា ការលក់ iPhone សម្រាប់រយៈពេលបីខែចុងក្រោយ ឆ្នាំមុន បានកើនឡើងដល់ ២៥,៥ពាន់លានដុល្លារ នៅក្នុងប្រទេសចិនដែលជាទីផ្សារដ៏សំខាន់បំផុតរបស់ខ្លួន បើធៀបទៅនឹងប្រាក់ចំណូលប្រមាណ ១៨,៥ពាន់លានដុល្លារ ក្នុងអំឡុងពេលដូចគ្នា កាលពីឆ្នាំ២០២៤ ។
ជារួម ការលក់ iPhone នៅទូទាំងពិភពលោក បាននាំមកនូវប្រាក់ចំណូលសរុប ៨៥,២ពាន់លានដុល្លារ នៅក្នុងត្រីមាសចុងក្រោយនេះ។
យ៉ាងណាមិញ ក្រុមហ៊ុន Apple ក៏បានមើលឃើញពីការកើនឡើងនៃប្រាក់ចំណូលពីសេវាកម្មផ្សេងទៀត ដូចជាមាតិកាឌីជីថល និងការកម្សាន្ត ដែលបានឈានដល់កម្រិតខ្ពស់ថ្មីប្រចាំត្រីមាសចំនួន ៣០ពាន់លានដុល្លារ ពោលគឺបានកើនឡើង ១៤% ធៀបទៅនឹងពេលដូចគ្នា ក្នុងឆ្នាំ២០២៤។
ជម្រាបជូនផងដែរថា បើតាមក្រុមហ៊ុនខាតយក្សរបស់អាមេរិកមួយនេះ បានបង្ហាញទៀតថា ចំនួនឧបករណ៍ Apple ដែលប្រើប្រាស់នៅជុំវិញពិភពលោក បានកើនឡើងលើសពី ២,៥ ពាន់លានគ្រឿង៕

