លោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង នាយិការប្រតិបត្តិក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងជាប្រធានសមាគមសិល្បករខ្មែរ បានលើកទឹកចិត្ដដល់បងប្អូនគ្រប់រូបថា សូមរស់នៅយ៉ាងណាធ្វើឱ្យខ្លួនយើងពីក្មេងមានមោទនភាពចំពោះខ្លួនឯងបច្ចុប្បន្ន ព្រោះនោះជាអ្វីខ្លួនយើងសក្ដិសមនឹងទទួលបានបំផុត។

តាមរយៈសារនៅលើបណ្ដាញសង្គមផ្លូវការរបស់ខ្លួន កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ អ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង បានលើកឡើងថា រាល់ដងឱ្យតែពេលណាក្នុងខួរក្បាលមានភាពមន្ទិលសង្ស័យដែលតែងខ្សឹបតិចៗថា «អ្នកមិនទាន់ល្អគ្រប់គ្រាន់ទេ» នាងខ្ញុំតែងតែឆ្លើយតបជាមួយនឹងការចងចាំមួយ។
លោកជំទាវអ្នកឧកញ៉ា បានបន្ថែមថា « នាងខ្ញុំនៅចាំថាកាលពីខ្លួនឯងនៅក្មេងជាមនុស្សដែលខំជម្នះពុះពារឧបសគ្គគ្រប់បែបយ៉ាង ពោរពេញដោយក្ដីសង្ឃឹម និងការតាំងចិត្តខ្ពស់។ នាងខ្ញុំក៏ចាំបានថា ចំណាន កាលពីក្មេង មិនមានអ្វីនោះទេ ប៉ុន្តែនាងព្យាយាមយ៉ាងខ្លាំង ហើយនាងជឿជាក់លើជីវិតដែលនាងខ្ញុំកំពុងរស់នៅសព្វថ្ងៃនេះ»។
ជាមួយនឹងបទពិសោធន៍ជីវិតនេះ អ្នកឧកញ៉ា ម៉ៅ ចំណាន បានសង្កត់ធ្ងន់ថា «ដូច្នេះបងប្អូនស្រីៗគ្នាយើង កាលណាបងប្អូនសួរថាភាពខ្លាំងខ្លួនឯងជាអ្វី សូមគិតដល់ខ្លួនយើងកាលពីក្មេង ជាស្ត្រីម្នាក់តែងខំពុះពារគ្រប់យ៉ាងដែលយើងកម្រនឹងនឹកដល់។ សូមរស់នៅយ៉ាងណាធ្វើឱ្យខ្លួនយើងពីក្មេងមានមោទនភាពចំពោះខ្លួនឯងបច្ចុប្បន្ន ព្រោះនោះជាអ្វីខ្លួនយើងសក្ដិសមនឹងទទួលបានបំផុត»៕








