លោក ត្រាំ ព្រមកាត់បន្ថយពន្ធគយលើឥណ្ឌា ក្រោយសន្យាឈប់ទិញចូលប្រេងរបស់រុស្ស៊ី

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ថ្មីៗនេះទើបតែបានប្រកាសពីកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីមួយជាមួយឥណ្ឌា ដែលក្នុងនោះរួមមានការកាត់បន្ថយពន្ធនាំចូលពី ៥០% មកនៅត្រឹម ១៨% បន្ទាប់ពីទីក្រុងញូវដេលីសន្យាឈប់ទិញចូលប្រេងពីប្រទេសរុស្ស៊ី។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅថ្ងៃទី២ ខែកុម្ភៈ បន្ទាប់ពីមានជជែកតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi មក ប្រធានាធិបតី លោក ត្រាំ បានសរសេរនៅលើបណ្តាញសង្គម Truth Social របស់ខ្លួនថា ប្រទេសទាំងពីរ បានឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីជាមួយគ្នា។

នៅក្នុងនោះដែរ លោក ត្រាំ បាននិយាយទៀតថា៖” ពន្ធគយទៅវិញទៅមកនឹងត្រូវកាត់បន្ថយពី ២៥% មកនៅត្រឹម ១៨%។ ហើយឥណ្ឌា ក៏នឹងកាត់បន្ថយពន្ធនាំចូល និងរបាំងមិនមែនពន្ធជាមួយសហរដ្ឋអាមេរិកមកនៅត្រឹមសូន្យផងដែរ”។

មិនតែប៉ុណ្ណោះ បើយោងតាមមន្ត្រីសេតវិមានម្នាក់បាននិយាយថា សហរដ្ឋអាមេរិក ក៏នឹងកាត់បន្ថយពន្ធ ២៥% ដែលដាក់លើឥណ្ឌាកាលពីឆ្នាំមុនសម្រាប់ការទិញប្រេងរបស់រុស្ស៊ីផងដែរ។ ដូច្នេះមានន័យថាពន្ធគយនាំចូលរបស់ឥណ្ឌា នឹងត្រូវកាត់បន្ថយពី ៥០% មកនៅត្រឹម ១៨% វិញ។

ជាថ្នូរទៅនឹងការកាត់បន្ថយនេះ ឥណ្ឌាបានយល់ព្រមឈប់ទិញចូលប្រេងរបស់រុស្ស៊ី ហើយនឹងបង្កើនការទិញប្រេងរបស់អាមេរិកជំនួសវិញ ហើយក្នុងនោះភាគច្រើនអាចមានប្រភពមកពីប្រទេសវេណេស៊ុយអេឡា។ លោក ត្រាំ ក៏បានសង្កត់ធ្ងន់ថា នាយករដ្ឋមន្ត្រីលោក Modi ក៏បានសន្យាថានឹងទិញទំនិញរបស់សហរដ្ឋអាមេរិកក្នុងកម្រិតខ្ពស់ជាងនេះទៀត ដោយបន្ថែមពីលើការចំណាយជាង ៥០០ពាន់លានដុល្លារលើវិស័យថាមពល បច្ចេកវិទ្យា ផលិតកម្មកសិកម្ម ធ្យូងថ្ម និងទំនិញផ្សេងៗទៀត៕​