លោក ត្រាំ ប្រកាសបើកដំណើរការឃ្លាំងស្តុកទុករ៉ែកម្រតម្លៃ ១២ពាន់លានដុល្លារ ដើម្បីទប់ទល់ចិន

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសផែនការ ដើម្បីបើកដំណើរការឃ្លាំងស្តុកទុករ៉ែកម្រ​ សំខាន់ៗជាយុទ្ធសាស្រ្ត ដែលមានតម្លៃរហូតដល់ជាង ១០ពាន់លានដុល្លារ និងត្រូវបានគាំទ្រដោយធនាគារ EXIM អាមេរិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ត្រាំ បាននិយាយក្នុងអំឡុងព្រឹត្តិការណ៍មួយនៅឯការិយាល័យ Oval ថា ៖” អស់រយៈពេលជាច្រើនឆ្នាំមកហើយ អាជីវកម្មអាមេរិកបានប្រថុយទៅនឹងកង្វះខាតរ៉ែសំខាន់ៗ ក្នុអំឡុងពេលមានវិបត្តិទីផ្សារ។ តែថ្ងៃនេះ យើងកំពុងបើកដំណើរការនូវអ្វីដែលត្រូវបានស្គាល់ថាជា Project Vault ដើម្បីធានាបានថា អាជីវកម្ម និងកម្មករអាមេរិកមិនរងផលប៉ះពាល់ដោយកង្វះខាតណាមួយទៀតឡើយ”។

ជុំវិញគម្រោងដ៏សំខាន់នេះ ទីក្រុងវ៉ាស៊ីនតោន នឹងមានសមត្ថភាពក្នុងការរក្សាបាននូវការផ្គត់ផ្គង់រ៉ែកម្រៗ ខណៈពេលដែលប្រទេសចិនត្រូវបានគេមើលឃើញថាកំពុងគ្រប់គ្រងលើការនាំចេញប្រភេទរ៉ែសំខាន់ ដូចជាលីចូម នីកែល និងរ៉ែកម្រៗផ្សេងទៀត ដែលមានសារៈសំខាន់សម្រាប់ការផលិតយានយន្តអគ្គិសនី អាវុធ បច្ចេកវិទ្យាកម្រិតខ្ពស់ និងទំនិញជាច្រើនផ្សេងទៀត។

មិនតែប៉ុណ្ណោះ លោក ត្រាំ បាននិយាយផងដែរថា គម្រោងនេះនឹងរួមបញ្ចូលគ្នានូវមូលនិធិឯកជនចំនួន ២ពាន់លានដុល្លារ ជាមួយនឹងប្រាក់កម្ចីចំនួន ១០ពាន់លានដុល្លារផ្សេងទៀត ពីធនាគារ EXIM ដើម្បីទិញ និងស្តុកទុករ៉ែកម្រ សម្រាប់ក្រុមហ៊ុនផលិតរថយន្ត ក្រុមហ៊ុនបច្ចេកវិទ្យា និងក្រុមហ៊ុនផលិតផ្សេងទៀត៕