លោក Changpeng Zhao ឬស្គាល់ថា CZ ដែលជាស្ថាបនិក Binance បច្ចុប្បន្នមានទ្រព្យសម្បត្តិសរុបចំនួន ១១០ពាន់លានដុល្លារ ពោលគឺកើនឡើងលើសមហាសេដ្ឋី Bill Gates ចំនួន ២ពាន់លានដុល្លារ. នេះបើយោងតាមចំណាត់ថ្នាក់មហាសេដ្ឋីឆ្នាំ២០២៦ របស់ទស្សនាវដ្តី Forbes។

ប្រភពដដែល បានប៉ាន់ប្រមាណថាទ្រព្យសម្បត្តិសរុបរបស់លោក Zhao ស្ថិតនៅកម្រិតខ្ពស់បំផុតដែលមិនធ្លាប់មានពីមុនមកឡើយ។ ចំនួននេះ គឺបានកើនឡើងពី ៤៧ពាន់លានដុល្លារ កាលពីឆ្នាំមុន។
ជាលទ្ធផល លោក Zhao បានចូលទៅក្នុងក្រុមអ្នកមានបំផុតទាំង២០ នៅលើពិភពលោក ដោយស្ថិតនៅចំណាត់ថ្នាក់ទី១៧ ខណៈពេលដែលលោក Bill Gates ស្ថិតនៅចំណាត់ថ្នាក់ទី១៩ មានទ្រព្យសម្បត្តិសរុបប្រមាណ ១០៨ពាន់លានដុល្លារ។ ទ្រព្យសម្បត្តិរបស់ស្ថាបនិកក្រុមហ៊ុន Microsoft រូបនេះ បានធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីការបរិច្ចាគសប្បុរសធម៌យ៉ាងច្រើន និងក្រោយការលែងលះនៅឆ្នាំ២០២១។
នៅក្នុងចំណាត់ថ្នាក់របស់ Forbes នេះ លោក Zhao ក៏បានវ៉ាដាច់បុគ្គលល្បីឈ្មោះជាច្រើន ដូចជា Michael Bloomberg (មានទ្រព្យសម្បត្តិ ១០៩ពាន់លានដុល្លារ) លោក Jeff Yass (៦៧,៤ពាន់លានដុល្លារ) និងលោក Ken Griffin (៤៩,៨ពាន់លានដុល្លារ) ផងដែរ។
ជម្រាបជូនថា បើទោះបីជាបានលាលែងពីតំណែងជានាយកប្រតិបត្តិរបស់ Binance តាំងពីឆ្នាំ២០២៣ មកហើយក៏ដោយ តែទ្រព្យសម្បត្តិស្នូលរបស់លោក Zhao នៅតែបានមកពីក្រុមហ៊ុនផ្លាស់ប្តូររូបិយប័ណ្ណឌីជីថលដ៏ធំបំផុតមួយនេះ។ នេះក៏ជាកត្តាមួយដែលរួមចំណែកដល់ការកើនឡើងគួរឲ្យកត់សម្គាល់នៃទ្រព្យសកម្មសរុបរបស់ CZ ផងដែរ៕

