ថៃ កំពុងកំណត់យកទីផ្សារដ៏មានសក្តានុពលចំនួន ៣ ដើម្បីបង្កើនការនាំចេញរបស់ខ្លួន នៅឆ្នាំក្រោយ

អន្តរជាតិ

ថ្មីៗនេះ រដ្ឋាភិបាលថៃ បានរៀបចំកិច្ចប្រជុំធំមួយ ដែលមានការចូលរួមពីសំណាក់មន្ត្រីជាន់ខ្ពស់របស់ក្រសួងពាណិជ្ជកម្ម និងអ្នកតំណាងមកពីស្ថាប័នឯកជនជាច្រើន ដើម្បីពិភាក្សាទៅលើការជំរុញឱ្យមាន ការនាំចេញ ក៏ដូចជាដោះស្រាយឧបសគ្គនានា ចំពោះពាណិជ្ជកម្ម និងទប់ស្កាត់ផលប៉ះពាល់អវិជ្ជមាន កើតឡើងដោយសារការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក នៅឆ្នាំ ២០២៣ ខាងមុខ។ នេះបើយោងតាមការចុះផ្សាយពី VNA ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោក Jurin Laksanawisit បាននិយាយបន្ទាប់ពីកិច្ចប្រជុំជាមួយតំណាងសភាពាណិជ្ជកម្មថៃ សហព័ន្ធឧស្សាហកម្មថៃ ក្រុមប្រឹក្សាអ្នកដឹកជញ្ជូនជាតិថៃ សមាគមធនាគារថៃ និងសហព័ន្ធសហគ្រាសធុនតូច និងមធ្យមថៃ កាលពីពេលថ្មីៗនេះថា ភាគីពាក់ព័ន្ធទាំងអស់ បានព្រមព្រៀងគ្នា លើកិច្ចសហប្រតិបត្តិការមួយ ដើម្បីទាញយកទីផ្សារ ដែលមានសក្តានុពលខ្ពស់ៗចំនួន ៣ ដូចជា មជ្ឈិមបូព៌ា អាស៊ីខាងត្បូង និង CLMV (កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម) ។

គួរឱ្យដឹងថា ការនាំចេញរបស់ថៃ ទៅកាន់ទីផ្សារធំៗទាំងបីខាងលើ ត្រូវបានគេរំពឹងថា នឹងឈានដល់ ១,៧ ទ្រីលានបាត (៤៩ ពាន់លានដុល្លារ) នៅឆ្នាំនេះ ហើយនិងអាចបន្តកើនឡើងដល់ ២ ទ្រីលានបាត នៅក្នុងឆ្នាំ ២០២៣ ខាងមុខ ។

លើសពីនេះ លោក Jurin បាននិយាយថា សម្រាប់តំបន់មជ្ឈិមបូព៌ា ប្រទេសថៃ កំពុងផ្តោតខ្លាំង ទៅលើប្រទេស អារ៉ាប៊ីអាអូឌីត អារ៉ាប់រួម និងកាតារ ក្នុងគោលបំណងដើម្បីបង្កើនការនាំចេញអាហារ គ្រឿងបន្លាស់រថយន្ត ម៉ាស៊ីនត្រជាក់ និងសម្ភារ:សំណង់ជាដើម។ ហើយសម្រាប់គោលដៅ នៃការនាំចេញ ទៅកាន់ប្រទេសទាំង ៣ នៅឆ្នាំក្រោយ គឺមានចំនួន ១៥,៧% ជាមួយចំនួនទឹកប្រាក់ប្រមាណ ១០,៣ លានដុល្លារ។

ដោយឡែកសម្រាប់តំបន់​អាស៊ីខាងត្បូងវិញ គោលដៅនាំចេញចម្បងរបស់ថៃ គឺប្រទេសឥណ្ឌា បង់ក្លាដែស និងនេប៉ាល់ ដោយមានគោលបំណងបង្កើនប្រាក់ចំណូលរហូតដល់ ១០% នៅឆ្នាំក្រោយ ក្នុងចំនួនទឹកប្រាក់ ១៣,២ ពាន់លានដុល្លារ ខណ:ទំនិញនាំចេញសំខាន់ៗមានដូចជា សារធាតុគីមី ប្លាស្ទិក យានយន្ត និងគ្រឿងបន្លាស់រថយន្ត ។

ទន្ទឹមនឹងនោះ ប្រទេសថៃ ក៏មានគោលដៅសម្រាប់បង្កើនការនាំចេញពី ១០% ទៅ ១៥% ទៅកាន់ទីផ្សារ CLMV នៅឆ្នាំក្រោយផងដែរ ជាមួយចំនួនទឹកប្រាក់ពី ២៨ ពាន់លានដុល្លារ ទៅ ៣៣,៥ ពាន់លានដុល្លារ ខណ:ផលិតផលនាំចេញសំខាន់ៗរួមមាន សម្ភារសំណង់ ឧបករណ៍អគ្គិសនី និងប្លាស្ទិក។

ជម្រាបជូនផងដែរថា សម្រាប់រយៈពេល ១០ ខែដំបូងនៃឆ្នាំ ២០២២ នេះ ការនាំចេញរបស់ថៃបានកើនឡើង ៩,១% ដល់ ២៤៣ ពាន់លានដុល្លារ ហើយចំណែកឯការនាំចូលវិញ កើនឡើង ១៨,៣% ដល់ ២៥៩ ពាន់លានដុល្លារ ដែលបណ្តាលឱ្យមានឱនភាពពាណិជ្ជកម្មចំនួន ១៥,៥ ពាន់លានដុល្លារ៕