ចិន គាំទ្រ UN ពេញទំហឹង ក្រោយលោក ត្រាំ ថាក្រុមប្រឹក្សាសន្តិភាពរបស់ខ្លួនអាចជំនួសអង្គការនេះ

អន្តរជាតិ

ក្រសួងការបរទេសចិន កាលពីថ្ងៃទី២១ ខែមករា បាននិយាយថា ចិនតែងតែប្តេជ្ញាចិត្តចំពោះពហុភាគីនិយមយ៉ាងពិតប្រាកដ ហើយនឹងការពារយ៉ាងម៉ឺងម៉ាត់នូវប្រព័ន្ធអន្តរជាតិដែលមានអង្គការសហប្រជាតិជាស្នូល ចំពេលមានការលើកឡើងរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជុំវិញការបង្កើតក្រុមប្រឹក្សាសន្តិសុខ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន China Daily។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jaikun បានធ្វើការលើកឡើងបែបនេះ នៅក្នុងសន្និសីទសារព័ត៌មានមួយបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអង្គារថា អង្គការសហប្រជាជាតិ ហៅកាត់ UN គួរតែបន្តដោយសារតែសក្តានុពលរបស់ខ្លួន ប៉ុន្តែក្រុមប្រឹក្សាសន្តិភាពដែលលោកកំពុងរៀបចំបង្កើតឡើង អាចនឹងជំនួសអង្គការអន្តរជាតិមួយនេះបាន។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ មិនថាស្ថានភាពអន្តរជាតិវិវត្តទៅជាយ៉ាងណានោះទេ ប្រទេសចិននឹងនៅតែបន្តការពារយ៉ាងរឹងមាំនូវប្រព័ន្ធអន្តរជាតិដែលមានអង្គការសហប្រជាជាតិជាស្នូល សណ្តាប់ធ្នាប់អន្តរជាតិដែលគាំទ្រដោយច្បាប់អន្តរជាតិ និងបទដ្ឋានជាមូលដ្ឋានដែលគ្រប់គ្រងទំនាក់ទំនងអន្តរជាតិដោយផ្អែកលើគោលបំណង និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ។ នេះបើតាមអ្វីដែលលោក Guo Jaikun បានបញ្ជាក់បន្ថែម។

ជម្រាបជូនផងដែរថា លោក ត្រាំ កាលពីពេលថ្មីៗនេះ បានបង្ហាញពីគោលបំណងរៀបចំបង្កើតក្រុមប្រឹក្សាសន្តិភាព ក្នុងគោលបំណងដើម្បីរក្សានូវសន្តិភាពយូរអង្វែងសម្រាប់តំបន់ហ្កាហ្សា និងអាចឈានដល់ការដោះស្រាយបញ្ហាសកលនានា ដោយក្នុងនោះក៏បានដាក់លិខិតអញ្ជើញទៅកាន់ប្រទេសប្រមាណជា ៦០ ដើម្បីចូលរួមជាសមាជិកក្រុមប្រឹក្សាសន្តិភាពរបស់លោកនេះផងដែរ៕​