ភាគហ៊ុនរបស់ Walmart ដែលជាក្រុមហ៊ុនខ្សែសង្វាក់លក់ទំនិញរាយធំជាងគេបំផុតរបស់ពិភពលោក បានកើនឡើង ២៦% ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ដោយជំរុញឲ្យតម្លៃមូលធនទីផ្សាររបស់ខ្លួន កើនឡើងលើសពី ១ទ្រីលានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

នៅក្នុងអំឡុងពេលបិទនៃការជួញដូរចុងក្រោយនៅថ្ងៃទី៣ ខែកុម្ភៈ ភាគហ៊ុនរបស់ Walmart បានកើនឡើងជិត ៣% ដោយនេះបានជំរុញឲ្យតម្លៃមូលធនទីផ្សាររបស់ខ្លួនឈានដល់ ១,០២ទ្រីលានដុល្លារ។
យ៉ាងណាមិញ Walmart ត្រូវបានចាត់ទុកថាជាក្រុមលក់ទំនិញរាយដំបូងគេនៅក្នុងប្រវត្តិសាស្រ្តដែលបានឈានដល់ចំណុចទីផ្សារមូលធនដ៏សំខាន់នេះ ដោយបានចូលរួមជាមួយក្រុមហ៊ុនខ្នាតយក្សផ្សេងទៀត ដែលជាធម្មតាសុទ្ធសឹងតែជាក្រុមហ៊ុនបច្ចេកវិទ្យាប៉ុណ្ណោះ។
ជម្រាបជូនផងដែរថា យោងតាមក្រុមអ្នកវិភាគ បានបង្ហាញឲ្យដឹងថា ជុំវិញការហក់ឡើងខ្ពស់នេះ បានកើតឡើងបន្ទាប់ពី Walmart កំពុងចូលរួមនៅក្នុងវិស័យ AI ដោយបានចាក់លុយវិនិយោគរាប់ពាន់លានដុល្លារ ក្នុងការធ្វើស្វ័យប្រវត្តិកម្មខ្សែសង្វាក់ផ្គត់ផ្គង់របស់ខ្លួន៕

