យោងតាមការចុះផ្សាយពីសារព័ត៌មាន Wall Street Journal បានរាយការណ៍កាលពីពេលថ្មីៗនេះថា ក្រុមហ៊ុន SpaceX បានយល់ព្រមបោះទុនវិនិយោគទឹកប្រាក់រហូតដល់ទៅ ២ពាន់លានដុល្លារ នៅក្នុងក្រុមហ៊ុនបញ្ញាសិប្បនិម្មិត xAI ដែលជាក្រុមហ៊ុនបង្កើតថ្មីមួយផ្សេងទៀតរបស់មហាសេដ្ឋី Elon Musk។

ជុំវិញការបោះទុនវិនិយោគដ៏ច្រើននេះ បានកើតឡើង ចំពេលក្រុមហ៊ុន AI របស់មហាសេដ្ឋី Elon Musk កំពុងចាប់ផ្តើមយុទ្ធនាការដ៏ធំមួយ ដោយចេញលក់បណ្ណបំណុលចំនួន ៥ពាន់លានដុល្លារ ក្នុងគោលបំណងដើម្បីប្រកួតប្រជែងជាមួយ OpenAI។
ប្រភពខាងលើបានបន្ថែមឲ្យទៀតថា ការវិនិយោគនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីមានការរួមបញ្ចូលគ្នារបស់ xAI ជាមួយក្រុមហ៊ុនបណ្តាញសង្គម X ដើម្បីបង្កើតជាក្រុមហ៊ុនមួយដែលមានតម្លៃទីផ្សាររួមបញ្ចូលគ្នារហូតដល់ទៅ ១១៣ពាន់លានដុល្លារ។
ជម្រាបជូនផងដែរថា xAI បានចេញផ្សាយ Chatbot ថ្មីមួយរបស់ខ្លួនឈ្មោះថា Grok ដែលត្រូវបានគេរំពឹងទុកថានឹងផ្តល់អត្ថប្រយោជន៍ជាច្រើន ដល់សេវាកម្ម Starlink របស់ SpaceX ខណ: Elon Musk បានហៅវាថាជា AI ដ៏ឆ្លាតវៃបំផុតនៅក្នុងពិភពលោក៕

