យោងតាមក្រសួងពាណិជ្ជកម្មឥណ្ឌូណេស៊ី បានចេញបទបញ្ជាថ្មីមួយដើម្បីធ្វើការហាមឃាត់ការនាំចូលផលិតផលជាក់លាក់ចំនួន ១២ មុខ ដែលជាវិធានការថ្មីមួយបានធ្វើឲ្យប៉ះពាល់ដល់ការនាំចេញទំនិញសំខាន់ៗរបស់ថៃ ទៅកាន់ឥណ្ឌូណេស៊ី។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Star ។

ដោយដកស្រង់របាយការណ៍មួយចេញពីការិយាល័យកិច្ចការពាណិជ្ជកម្មនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី ច្បាប់ថ្មីមួយស្តីពីការហាមឃាត់ការនាំចូលផលិតផលមួយចំនួន ត្រូវបានប្រកាស នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ ហើយចូលជាធរមាននៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៦។ គោលដៅចម្បងនៃគោលនយោបាយនេះ គឺដើម្បីការពារកសិករ និងឧស្សាហកម្មក្នុងស្រុក។
ជុំវិញការហាមឃាត់នេះផងដែរ បានធ្វើឲ្យប៉ះពាល់ដល់ប្រភេទផលិតផលចំនួន ១២ មុខ ដែលអាចប៉ះពាល់ខ្លាំងដល់ការនាំចេញរបស់ប្រទេសថៃ ទៅកាន់ឥណ្ឌូណេស៊ី ជាពិសេសទំនិញសំខាន់ៗ ដូចជា ស្ករ អង្ករ និងផលិតក្នុងវិស័យម៉ាស៊ីនត្រជាក់ និងទូរទឹកកក ជាដើម។
មិនតែប៉ុណ្ណោះ បើតាមការិយាល័យពាណិជ្ជកម្ម បង្ហាញឲ្យដឹងទៀតថាស្ករ ដែលចាត់ថ្នាក់ក្រោមលេខកូដ HS 1701 ដែលរួមមានស្ករឆៅ និងស្ករចម្រាញ់មួយចំនួន គឺជាកម្មវត្ថុចម្បងនៃការហាមឃាត់លើការនាំចូល។ ហើយការផ្លាស់ប្តូរចុងក្រោយនេះ បានធ្វើឲ្យប៉ះពាល់ដល់ប្រទេសថៃ ក្នុងនាមជាអ្នកនាំចេញស្ករឆៅដ៏សំខាន់ទៅកាន់ប្រទេសឥណ្ឌូណេស៊ី។
គួរឲ្យដឹងថានៅឆ្នាំ ២០២៥ (គិតចាប់ពីខែមករា-វិច្ឆិកា) ប្រទេសថៃបាននាំចេញស្ករសដែលមានតម្លៃសរុបប្រមាណ ៧២៥លានដុល្លារអាមេរិកទៅកាន់ប្រទេសឥណ្ឌូណេស៊ី។
យ៉ាងណាមិញ ចំពោះការនាំចូលផ្សេងទៀតដែលត្រូវបានហាមឃាត់រួមមាន កាបូបប្រើរួច , បាវប្រើប្រាស់រួច, សម្លៀកបំពាក់ប្រើរួច , សារធាតុគ្រោះថ្នាក់ វត្ថុធាតុដើមឱសថ និងអាហារមួយចំនួន ឧបករណ៍វេជ្ជសាស្ត្រដែលមានផ្ទុកជាតិបារត និងឧបករណ៍កសិកម្មប្រពៃណី។ ហើយជារួមមក វិធានការថ្មីភាគច្រើនប៉ះពាល់ដល់ការនាំចេញជាក់លាក់របស់ថៃ ជាពិសេសស្ករ ខណៈដែលផលិតផលផ្សេងទៀតប្រឈមនឹងផលប៉ះពាល់មានកម្រិត៕

