សហព័ន្ធឧស្សាហកម្មថៃ បង្ហាញក្តីបារម្ភថា ជម្លោះរុស្ស៊ី-អ៊ុយក្រែន អាចប៉ះពាល់ធ្ងន់ធ្ងរ ដល់ការនាំចេញរថយន្តខ្លួន

អន្តរជាតិ

សហព័ន្ធឧស្សាហកម្មថៃ ហៅកាត់ FTI បានបង្ហាញការព្រួយបារម្ភថា វិបត្តិរុស្ស៊ី-អ៊ុយក្រែន អាចប៉ះពាល់យ៉ាងខ្លាំង ដល់ការនាំចេញរថយន្ត ដែលបានធ្លាក់ចុះចំនួន ៥,៨% រួចទៅហើយ នៅក្នុងខែមករា ដោយសារតែកង្វះបន្ទះឈីបជាសកល ដែលកំពុងអូសបន្លាយរយ:ពេលយូរ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មិនតែប៉ុណ្ណោះ សហព័ន្ធខាងលើបាននិយាយថា ការឈ្លានពានរបស់រុស្ស៊ី លើអ៊ុយក្រែន ដែលអាចបណ្តាលឱ្យមានការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ពីសំណាក់សហរដ្ឋអាមេរិក និងប្រទេសសម្ព័ន្ធមិត្ត គឺនឹងមិនមានផលល្អ សម្រាប់សេដ្ឋកិច្ចពិភពលោកនោះឡើយ ។

លើសពីនេះ លោក Surapong Paisitpatanapong អនុប្រធាន និងជាអ្នកនាំពាក្យរបស់ FTI បាននិយាយថា ” យើងត្រូវតាមដានថា តើវិបត្តិនេះ នឹងកាន់តែធ្ងន់ធ្ងរ ក៏ដូចជានឹងមានផលប៉ះពាល់អ្វីខ្លះ ជាមួយនឹងការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ” ។ ” កត្តាទាំងនេះ អាចនាំឱ្យសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះ ដែលនៅទីបំផុត វានឹងប៉ះពាល់ដល់ការនាំចេញរថយន្តរបស់យើងផងដែរ ” ។

គួរឱ្យដឹងផងដែរថា ការនាំចេញរថយន្តរបស់ថៃ ក្នុងខែមករា បានកត់ត្រាចំនួន ៦៩ ៨៣៣ គ្រឿង ដែលជាការធ្លាក់ចុះ ៥,៨% បើធៀបនឹងឆ្នាំមុន ខណ:ពេលដែលការនាំចេញ កាលពីខែធ្នូ តួលេខនេះបានធ្លាក់ចុះ ៣១,១% ឯណោះ ៕

ប្រភព: Bangkok Post