ចិន ព្រមានថា ប៉ាណាម៉ានឹងត្រូវចំណាយច្រើន បើសិនដកហូតអាជ្ញាប័ណ្ណកំពង់ផែរបស់ខ្លួន

អន្តរជាតិ

រដ្ឋាភិបាលទីក្រុងប៉េកាំង បានព្រមានប្រទេសប៉ាណាម៉ាថា ពួកគេអាចនឹងត្រូវចំណាយយ៉ាងច្រើន បន្ទាប់ពីតុលាការកំពូលនៃប្រទេសនេះ បានសម្រេចដកហូតសិទ្ធិប្រតិបត្តិការរបស់ក្រុមហ៊ុន CK Hutchison ដែលមានមូលដ្ឋាននៅទីក្រុងហុងកុង ចេញពីកំពង់ផែមួយនៅក្នុងព្រែកជីកប៉ាណាម៉ា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការិយាល័យកិច្ចការហុងកុង និងម៉ាកាវរបស់ប្រទេសចិន នៅថ្ងៃទី៣ ខែកុម្ភៈ បានរិះគន់សេចក្តីសម្រេចរបស់តុលាការកំពូលប៉ាណាម៉ា ដែលបានដកហូតសិទ្ធិប្រតិបត្តិការរបស់ក្រុមហ៊ុន CK Hutchison ដែលមានមូលដ្ឋាននៅហុងកុង លើការគ្រប់គ្រងកំពង់ផែធំៗពីរនៅចុងម្ខាងៗនៃព្រែកជីកប៉ាណាម៉ា។

ទីក្រុងប៉េកាំងបន្តអះអាងទៀតថា សេចក្តីសម្រេចនេះគ្មានមូលដ្ឋានច្បាប់ច្បាស់លាស់នោះទេ ដោយបន្ថែមថា ប្រទេសប៉ាណាម៉ាកំពុងបំផ្លាញកេរ្តិ៍ឈ្មោះរបស់ខ្លួន ហើយនឹងរងការខូចខាតយ៉ាងធ្ងន់ធ្ងរដល់បរិយាកាសអាជីវកម្មរបស់ខ្លួន។ ប្រទេសចិនក៏អះអាងផងដែរថា ចលនានេះ បានធ្វើឲ្យខូចច្បាប់ពាណិជ្ជកម្មអន្តរជាតិយ៉ាងធ្ងន់ធ្ងរផងដែរ។

មិនតែប៉ុណ្ណោះ ការិយាល័យកិច្ចការហុងកុង និងម៉ាកាវ បានសង្កត់ធ្ងន់ថា ប្រសិនបើអាជ្ញាធរប៉ាណាម៉ាបន្តធ្វើសកម្មភាពតាមរបៀបនេះ ពួកគេប្រាកដជានឹងចំណាយប្រាក់យ៉ាងច្រើនទាំងផ្នែកនយោបាយ និងសេដ្ឋកិច្ច។

ជម្រាបជូនផងដែរថា កិច្ចសន្យារបស់ក្រុមហ៊ុន CK Hutchison ដើម្បីដំណើរការកំពង់ផែនៅក្នុងព្រែកជីកប៉ាណាម៉ា បានចូលជាធរមានអស់រយៈពេលជិត ៣០ឆ្នាំមកហើយ គិតចាប់តាំងពីការចុះហត្ថលេខាដំបូង៕​