តម្លៃគ្រាប់ស្វាយចន្ទីនៅដើមឆ្នាំ២០២៦ បន្តរក្សាបានទីផ្សារល្អសម្រាប់កសិករ

សង្គម​ និង​សេដ្ឋកិច្ច

លោក ញូង ធីម ប្រធានសមាគមកសិកម្មទំនើបសំបូរុងរឿង ខេត្តកំពង់ធំ បានអះអាងថានៅក្នុងរដូវកាលប្រមូលផលគ្រាប់ស្វាយចន្ទីនៅដើមរដូវឆ្នាំ២០២៦នេះ ស្វាយចន្ទីកំពុងមានទីផ្សារល្អជាងឆ្នាំ២០២៤ និង២០២៥ ។ ពោលចាប់តាំងពីថ្ងៃទី២០ ខែមករា រហូតដល់សប្តាហ៍ទី១ នៃខែកុម្ភៈ កសិករអាចលក់គ្រាប់ស្វាយចន្ទីឆៅបានពី៦៣០០ រហូតដល់ជាង៧០០០រៀល ក្នុងមួយគីឡូក្រាម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ញូង ធីម ប្រធានសហគមន៍កសិកម្មទំនើបសំបូររុងរឿង បានឱ្យដឹងថា នៅប៉ុន្មានថ្ងៃកន្លងទៅនេះកសិករនៅតំបន់មួយចំនួនក្នុងខេត្តកំពង់ធំបានចាប់ផ្តើមប្រមូលផលគ្រាប់ស្វាយចន្ទីលក់ឱ្យឈ្មួញបានថ្លៃ៦៣០០រៀល ហើយនៅកន្លែងខ្លះទៀតបើកសិករយកលក់ឃ្លាំងបានថ្លៃ៦៦០០រៀល និងនៅតាមដេប៉ូប្រមូលទិញគ្រាប់ស្វាយចន្ទីខ្លះហ៊ានទិញពីកសិករដល់៧២០០រៀល ក្នុងមួយគីឡូក្រាម។

បើតាមប្រធានសហគមន៍ខាងលើ ឈ្មួញកណ្តាលចាប់ផ្តើមប្រមូលទិញគ្រាប់ស្វាយចន្ទីឆៅពីកសិករក្នុងខេត្តតាំងពីថ្ងៃទី២០ ខែមករា ហើយបើគិតរហូតមកដល់សប្តាហ៍ទី១ នៃខែកុម្ភៈ សម្រាប់គ្រួសារលោក បានលក់គ្រាប់ស្វាយចន្ទីឆៅទៅឱ្យឈ្មួញបានបានប្រមាណ២០០គីឡូក្រាម ដោយក្នុងមួយគីឡូថ្លៃ៦៣០០រៀល។

លោកបន្តថា “យើងសង្កេតឃើញកសិករលក់គ្រាប់ស្វាយចន្ទីបានថ្លៃទើបនៅឆ្នាំ២០២៥-២០២៦ ខុសប្លែកពីពេលមុនៗ។ ឆ្នាំមុនតម្លៃស្វាយចន្ទីកសិករលក់បានថ្លៃជាង៥០០០រៀលក្នុងមួយគីឡូក្រាម ប៉ុន្តែនៅឆ្នាំនេះក្នុងពេលប្រមូលផលដើមរដូវកសិករដាំស្វាយចន្ទីលក់បានថ្លៃជាង៦០០០រៀល”។

បើតាមលោក ញូង ធីម នៅដើមរដូវប្រមូលផលស្វាយចន្ទីឆ្នាំ២០២៦នេះ គ្រាប់ស្វាយចន្ទីឆៅមានទីផ្សារល្អបែបនេះមិនថាកសិករនោះទេ សូម្បីតែរូបលោកមានសប្បាយចិត្តជាពន់ពេក ហើយរំពឹងថាគ្រាប់ស្វាយចន្ទីអាចនឹងឡើងថ្លៃខ្លះបន្ថែមទៀតនៅពេលខាងមុខ ខណៈការប្រមូលផលគ្រាប់ស្វាយចន្ទីរបស់កសិករដែលជាសមាជិករបស់សមាគមទើបចាប់ផ្តើមបានប្រមាណ៣០ភាគរយនៃចំនួនកសិករសរុប៕