ឧកញ៉ា ឆាយ សីវលីន៖ ការបើកជើងហោះហើរត្រង់រវាងរាជធានីភ្នំពេញ និងទីក្រុងណានជីង ចូលរួមជាដង្ហើមសេដ្ឋកិច្ចដ៍សំខាន់សម្រាប់កម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

យោងតាមបណ្តាញទំនាក់ទំនិងផ្លូវការរបស់ លោក វ៉ាង វិនប៊ិន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបានបង្ហាញថា នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ក្រុមហ៊ុនអាកាសចរណ៍ Cambodia Airways បានបើកដំណើរការផ្លូវហោះហើរត្រង់ថ្មីដោយជោគជ័យតភ្ជាប់រវាងរាជធានីភ្នំពេញនិងទីក្រុងណានជីងប្រទេសចិន បានជួយពង្រឹងបន្ថែមទៀតនូវការតភ្ជាប់ផ្លូវអាកាសរវាងប្រទេសកម្ពុជា និងប្រទេសចិនថែមមួយកម្រិតទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញរឿងនេះ ប្រធានសមាគមទេសចរណ៍កម្ពុជា ឧកញ៉ា ឆាយ ស៊ីវលីន មានប្រសាសន៍ថា ទាក់ទងនិងការបើកជើងហោះហើរត្រង់រវាងក្រុងភ្នំពេញនិងទីក្រុងណានជីងប្រទេសចិនថ្មីៗនេះ វាមិនមែនគ្រាន់តែជាការបន្ថែមផ្លូវហោះហើរមួយខ្សែទៀតនោះទេ ក៏ប៉ុន្តែការហោះហើរត្រង់នេះវាបានចូលរួមជាដង្ហើមសេដ្ឋកិច្ចដ៏សំខាន់សម្រាប់កម្ពុជា។

ឧកញ៉ា ឆាយ ស៊ីវលីន មានប្រសាសន៍សង្កត់ធ្ងន់ថា ការបើកជើងហោះហើរត្រង់នេះបានចូលរួម៖ ទី១) ការជំរុញវិស័យទេសចរណ៍ ព្រោះទីក្រុងណានជីង ជាទីក្រុងមួយធំ និងជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏រឹងមាំមួយនៅភាគខាងកើតនៃប្រទេសចិន។ ដូចនេះការហោះហើរត្រង់នេះវានឹងជួយដល់ភ្ញៀវទេសចរចិនដែលមានជីវភាពធូធា ពីខេត្តជាំងស៊ូ ឱ្យមកកម្សាន្តនៅកម្ពុជាកាន់តែងាយស្រួលនិងចំណាយតិច ហើយក៏បានចូលរួមនៃការងើបឡើងវិញវិស័យទេសចរចិន បន្ទាប់វិបត្តិជាសកល។

ជើងហោះហើរត្រង់នេះ គឺជាសញ្ញាវិជ្ជមានសម្រេចឱ្យបានគោលដៅទាក់ទាញភ្ញៀវទេសចរចិន ឱ្យត្រឡប់មកវិញស្របទៅតាមផែនការរបស់រាជរដ្ឋាភិបាល។ លើសពីនេះ បានទាក់ទាញដល់ការវិនិយោគ និងពាណិជ្ជកម្ម ព្រោះថាទីក្រុងណានជីងគឺជាមជ្ឈមណ្ឌលឧស្សាហកម្មបច្ចេកវិទ្យានិងការអប់រំ។ សម្រាប់វិនិយោគិនអាចធ្វើដំណើរស្វែងរកឱកាសវិនិយោគ ឬរកស៊ីនៅកម្ពុជាបានរហ័ស ថែមទាំងជួយជំរុញគម្រោងវិនិយោគថ្មីៗឱ្យកើតមានឡើង។
ទី២)ការហោះហើរត្រង់នេះអាចជួយសម្រួលដល់ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាស កសិផលនិងទំនិញដែលមានតម្លៃខ្ពស់។

ទី៣)ជាការពង្រឹងទំនាក់ទំនងត្បូងពេជ្រ ព្រោះការបើកជើងហោះហើរត្រង់ថ្មីនេះ នឹងឆ្លុះបញ្ជាំងពីកិច្ចសហប្រតិបត្តិការត្បូងពេជ្ររវាងកម្ពុជា ចិន។ ដូចនេះជាការរួមចំណែកក្នុងឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនរបស់ប្រទេសទាំងពីរ ដើម្បីពង្រឹងចំណងមិត្តភាព និងការយល់ដឹងអំពីវប្បធម៌អំពីវប្បធម៌គ្នាទៅវិញទៅមក។ ទី៤) នឹងមានអត្ថប្រយោជន៍សម្រាប់ប្រជាពលរដ្ឋនិងនិស្សិតកម្ពុជា ព្រោះទីក្រុងណានជីងមានសកលវិទ្យាល័យល្បីៗជាច្រើន។ ដូចនេះការមានជើងហោះហើរត្រង់នេះនិងធ្វើឱ្យនិស្សិតកម្ពុជាទៅសិក្សានៅទីនោះធ្វើដំណើរបានងាយស្រួល និងចំណាយប្រាក់អស់តិចជាងមុន។

ឧកញ៉ា ឆាយ ស៊ីវលីន មានប្រសាសន៍ទៀតថា “តាមរយៈការដាក់ឱ្យដំណើរការជើងហោះហើរត្រង់នេះ សម្រាប់រយៈពេលមធ្យមក្នុងឆ្នាំ២០២៦នេះ យើងរំពឹងថាអាចនឹងទទួលបានកំណើនភ្ញៀវទេសចរចិន មូលហេតុយើងបានបង្ហាញពីការបោសសម្អាតហ្គេមអនឡាញ និងកម្ពុជាមានសន្តិសុខនៅក្នុងប្រទេស។ ការលើកលែងសម្រាប់ទិដ្ឋាការដល់ពលរដ្ឋចិនដែលចង់ចូលមកកម្ពុជាចាប់តាំងពីខែមិថុនា កន្លងទៅ”។

បើតាមប្រធានសមាគមទេសចរណ៍កម្ពុជា គិតមកដល់ឆ្នាំ២០២៦នេះ រវាងកម្ពុជា ចិន មានក្រុមហ៊ុនអាកាសចរណ៍បើកការហោះហើរត្រង់ចំនួន៩ ហើយគោលដៅដែលបានហោះហើរត្រង់លើសពី១០ទីក្រុង៕