កម្ពុជា បង្ហាញសក្តានុពលដល់ធុរជនម៉ាល់ឌីវ ដើម្បីជំរុញការវិនិយោគ

សង្គម​និង​សេដ្ឋកិច្ច

កម្ពុជា បានបង្ហាញវិស័យសក្តានុពលវិនិយោគកម្ពុជា ដល់ធុរជនម៉ាល់ឌីវ ដើម្បីធ្វើទំនាក់ទំនងក្នុងការជំរុញការវិនិយោគរវាងប្រទេសទាំងពីរ។ ការបង្ហាញនេះធ្វើឡើងរវាងឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងឯកឧត្តម មូហាមេត ឡាត ហាមីត អនុរដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ចនៃសាធារណរដ្ឋម៉ាល់ឌីវ ក្នុងវេទិកាធុរកិច្ចកម្ពុជា-ម៉ាល់ឌីវ នាឱកាសអញ្ជើញអមដំណើរសម្តេចតេជោ បំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋម៉ាឌីវ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងវេទិកានោះ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា កម្ពុជាមានការរីកចម្រើនខាងសេដ្ឋកិច្ច រួមជាមួយវិស័យសក្តានុពលសំខាន់ៗផងដែរ។ ដោយឧកញ៉ា បានសង្កត់ថា កម្ពុជានឹងមានការអញ្ជើញវិនិយោគិន ម៉ាឌីវ ទៅសិក្សាស្វែងយល់ និងពិនិត្យលទ្ធភាពវិនិយោគនៅក្នុងប្រទេសកម្ពុជាផងដែរ។ ក្នុងនោះ កម្ពុជាអាចនាំផលិតផលរួចពន្ធ ទៅកាន់ទីផ្សារអឺរ៉ុប សហរដ្ឋអាមេរិក ទីផ្សារចិន កូរ៉េ និងទីផ្សារជាច្រើនទៀតក្រោមកិច្ចព្រមព្រៀងតំបន់ និងទ្វេភាគីរួមមានដូចជា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េជាដើម។

លោកឧកញ៉ាគូសបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើន បើទោះបីជាមានបញ្ហាជំងឺកូវីដ១៩ក៏ដោយ ក៏សេដ្ឋកិច្ចកម្ពុជាបានរក្សានូវកំណើនរឹងមាំ ដោយលោកលើកឡើងថា ក្នុងឆ្នាំ២០២២សេដ្ឋកិច្ចកម្ពុជារំពឹងថា នឹងមានកំណើនជាង៥ភាគរយ ហើយឆ្នាំ២០២៣ អាចនឹងមានកំណើនប្រមាណ៦ភាគរយ។

លើសពីនោះ ភាគីទាំងពីរបានធ្វើការពិភាក្សាគ្នាលម្អិតទៅលើសក្តានុពលវិស័យនីមួយៗ ទាំងការនាំចេញ ការនាំចូលផលិតផល និងការសិក្សាទៅលើគម្រោងអភិវឌ្ឍន៍រួម ជាពិសេសនោះគឺការសិក្សាលើគោលនយោបាយជំរុញការវិនិយោគរវាងប្រទេសទាំងពីរ។ ក្នុងន័យនេះ ជាការផ្តោតលើការជំរុញទំនាក់ទំនងធុរកិច្ចប្រទេសទាំងពីរ និងមានការពិភាក្សាផ្លាស់ប្តូរយោបល់អំពីកាលានុវត្តភាព បរិយាកាសវិនិយោគ និងវិស័យសក្តានុពលនានា៕