ឯកអគ្គរាជទូតជប៉ុន ស្វាគមន៍ចំពោះវឌ្ឍនភាពនៃនីតិវិធីរបស់កម្ពុជាឆ្ពោះទៅរកការផ្តល់សច្ចាប័នលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS)

សង្គម​ និង​សេដ្ឋកិច្ច

ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោក អ៊ូអិណុ អាត់ស៊ូស៊ី បានប្រកាសស្វាគមន៍យ៉ាងកក់ក្តៅចំពោះវឌ្ឍនភាពនៃនីតិវិធី ដើម្បីឆ្ពោះទៅរកការផ្តល់សច្ចាប័នលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) នៅកម្ពុជា រួមទាំងការអនុម័តនៅក្នុងសម័យប្រជុំពេញអង្គរបស់ព្រឹទ្ធសភា (ថ្ងៃទី ២១ ខែមករា) និងរដ្ឋសភា (ថ្ងៃទី ១៦ ខែមករា)។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈបណ្តាញសង្គមផ្លូវការរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ បានបញ្ជាក់ថា រដ្ឋាភិបាលជប៉ុន រួមទាំងស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា បានគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការផ្តល់សច្ចាប័នលើអនុសញ្ញា UNCLOS តាមរយៈការរៀបចំសិក្ខាសាលាដោយមានអញ្ជើញអ្នកជំនាញ និងមធ្យោបាយផ្សេងៗទៀត។

លើសពីនេះ រដ្ឋាភិបាលជប៉ុននឹងបន្តចូលរួមចំណែកយ៉ាងសកម្មក្នុងការថែរក្សា និងអភិវឌ្ឍសណ្តាប់ធ្នាប់សមុទ្រដោយសេរី និងបើកចំហ ដែលផ្អែកលើច្បាប់អន្តរជាតិ ដូចដែលបានឆ្លុះបញ្ចាំងនៅក្នុងអនុសញ្ញា UNCLOS ហើយនឹងសហការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា។

សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ ឬជាភាសាអង់គ្លេសហៅកាត់ថា UNCLOS មាន៣មាត្រា ស្នើឡើងដោយរាជរដ្ឋាភិបាល ត្រូវបានអនុម័តដោយរដ្ឋសភាជាតិ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦។ សេចក្តីព្រាងច្បាប់នេះទទួលបានការឯកភាពទាំងស្រុងពីព្រឹទ្ធសភា ដោយឥតកែប្រែ ក្នុងសម័យប្រជុំពេញអង្គជាវិសាមញ្ញ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦។

បច្ចុប្បន្នមានប្រទេសចំនួន១៧១បានចូលជារដ្ឋភាគីនៃអនុសញ្ញានេះ ហើយក្នុងក្របខណ្ឌអាស៊ាន ប្រទេសចំនួន១០រួមទំាង ប្រទេសឡាវ ដែលជាប្រទេសមិនជាប់សមុទ្រ ក៏បានចូលជាភាគីនៃអនុសញ្ញានេះរួចហើយដែរ។ ចំណែកកម្ពុជា បានចុះហត្ថលេខាលើអនុសញ្ញានេះកាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ១៩៨៣៕