វិមានក្រឹមឡាំង បានឲ្យដឹងថាខ្លួននៅមិនទាន់ទទួលបានព័ត៌មានណាមួយពីទីក្រុងញូវដេលីនៅឡើយនោះទេ ពោលត្រឹមតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថាឥណ្ឌា យល់ព្រមឈប់ទិញប្រេងរបស់រុស្ស៊ី។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

អ្នកនាំពាក្យរបស់វិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់កាសែត RIA Novosti កាលពីថ្ងៃទី៣ ខែកុម្ភៈថា ៖”យើងនៅមិនទាន់បានទទួលសេចក្តីថ្លែងការណ៍ណាមួយពីទីក្រុងញូវដេលីលើបញ្ហានេះនៅឡើយទេ។ យើងគោរពទំនាក់ទំនងទ្វេភាគីរវាងសហរដ្ឋអាមេរិក និងឥណ្ឌា ប៉ុន្តែការអភិវឌ្ឍកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្ររវាងរុស្ស៊ី និងឥណ្ឌាគឺមានសារៈសំខាន់ដូចគ្នា”។
នៅថ្ងៃដដែលនោះ ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Alexander Novak ក៏បានប្រាប់អ្នកយកព័ត៌មានផងដែរថា ៖” បច្ចុប្បន្ននេះ មានតែសេចក្តីថ្លែងការណ៍ជាសាធារណៈប៉ុណ្ណោះដែលអាចយកជាការណ៍បាន។ យើងនឹងរង់ចាំមើលថាតើស្ថានភាពនឹងវិត្តទៅយ៉ាងដូចម្តេច”។ លោកបានបន្តអះអាងទៀតថា ជារួមមកតម្រូវការសម្រាប់ផលិតផលថាមពលរបស់រុស្ស៊ីនៅតែមាន។
ជម្រាបជូនផងដែរថា ជុំវិញការលើកឡើងនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីមានការសន្ទនាតាមទូរស័ព្ទរវាងនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi និងលោក ត្រាំ ដោយប្រកាសថាប្រទេសទាំងពីរបានឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយគ្នា។ ក្នុងនោះអាមេរិកយល់ព្រមបន្ថយពន្ធលើឥណ្ឌ ខណៈប្រទេសឥណ្ឌាវិញ បានយល់ព្រមបញ្ឈប់ការទិញចូលប្រេងពីប្រទេសរុស្ស៊ី ផងដែរ៕

