អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មាធិការសម្របសម្រួលក្រុមការងារវិស័យឯកជនសម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានអំពាវនាវឱ្យវិស័យឯកជនទាំងមូល អនុវត្តកាតព្វកិច្ចបង់ពន្ធស្របតាមច្បាប់ឱ្យបានត្រឹមត្រូវ ដោយចាត់ទុកថា ពន្ធជាធនធានរួមដ៏សំខាន់ ដែលផ្តល់អំណាចដល់រដ្ឋក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងការរក្សាស្ថិរភាពជាតិរបស់ប្រទេសកម្ពុជា។

ថ្លែងក្នុងវេទិកាពន្ធដារកម្ពុជា ឆ្នាំ២០២៦ នៅទីស្នាក់ការកណ្តាលអគ្គនាយកដ្ឋានពន្ធដារ អ្នកឧកញ៉ា បានមានប្រសាសន៍ថា យើងទាំងអស់គ្នាមានភារកិច្ចចាំបាច់ដើម្បីជួយប្រទេសជាតិទាំងអស់គ្នា ជាពិសេសរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី លោកបានយកចិត្តទុកដាក់ខ្លាំងលើការងារកំណែទម្រង់ស៊ីជម្រៅ។ កន្លងមកលោកបានលើកអំពីបញ្ហាស្ថាប័នពីរពាក់ព័ន្ធ ដើម្បីកសាងប្រទេសជាតិ និងសេដ្ឋកិច្ច ដែលទី១ គឺពន្ធដារ និងទី២ គយ។
«ខ្ញុំសូមអំពាវនាវ ជាពិសេសផ្នែកឯកជនទាំងអស់ត្រូវតែបង់ពន្ធ។ ការបង់ពន្ធនេះ ដើម្បីជួយប្រទេសកម្ពុជាយើងឱ្យរីកចម្រើន ហើយនៅពេលប្រទេសយើងមាន នោះប្រទេសយើងនឹងមានមុខមាត់។ ខ្ញុំក៏មានភារកិច្ចបង់ពន្ធដូចគ្នា ហើយខ្ញុំរកស៊ីនៅស្រុកខ្មែរតាំងពីឆ្នាំ១៩៩១ មកដល់ពេលនេះជិត៣ទសវត្សរ៍កន្លះហើយ ដែលខ្ញុំបានរួមចំណែកបង់ពន្ធជួយប្រទេសជាតិ។ ខ្ញុំសូមអំពាវនាវផ្នែកឯកជនទាំងអស់ សូមបំពេញតួនាទីក្នុងការបង់ពន្ធទាំងអស់គ្នា”។ អ្នកឧកញ៉ា បានគូសបញ្ជាក់។
ជាមួយគ្នានេះ អ្នកឧកញ៉ា ក៏បានស្នើដល់រាជរដ្ឋាភិបាល ធ្វើយ៉ាងណាធានាអ្នកផ្តល់សេវាផ្នែកពន្ធ ក៏ត្រូវបន្តលើកកម្ពស់ភាពងាយស្រួល តម្លាភាព និងភាពជឿទុកចិត្ត ដល់វិស័យឯកជន ក្នុងដំណើរការបំពេញកាតព្វកិច្ចបង់ពន្ធផងដែរ។ ពិសេសឱ្យមានទំនុកចិត្ត និងជួយគ្នាទៅវិញទៅមក ដើម្បីសម្រេចបានចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០៕









