សាធារណរដ្ឋគុយបា បានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ជាមួយព្រះរាជណាចក្រកម្ពុជា ក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ រវាង លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជាមួយ លោកស្រី Milena Caridad Zalddivar Piedra ឯកអគ្គរដ្ឋទូតគុយបាប្រចាំនៅកម្ពុជា កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦។

ក្នុងជំនួបនោះ លោក ហួត ហាក់ បានលើកឡើងថា កម្ពុជា និងគុយបាមានទំនាក់ទំនងការទូតតាំងពីឆ្នាំ១៩៦០ ដោយគិតត្រឹមឆ្នាំ២០២៦ នេះ គឺមានរយៈពេល៦៦ឆ្នាំ មកហើយ។
លោកក៏បានបន្តថា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកវិស័យទេសចរណ៍ ជាវិស័យអាទិភាព១ និងជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិដ៏សំខាន់ ក្នុងការរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម។

ទន្ទឹមនឹងនេះ លោកស្រីឯកអគ្គរដ្ឋទូតគុយបា ក៏បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការអភិវឌ្ឍកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា-គុយបាតាមរយៈ ១) ស្នើឱ្យមាននូវការពិភាក្សា និងរៀបចំ FAM Trip ទៅវិញមករវាងប្រទេសទាំងពីរ ដើម្បីលើកកម្ពស់ និងផ្សព្វផ្សាយគោលដៅទេសចរណ៍ ២) ស្នើសុំចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងក្រសួងទេសចរណ៍នៃប្រទេសទាំងពីរ នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិនៃប្រទេសគុយបានាពេលខាងមុខ និង៣) ស្នើសុំឱ្យក្រសួងជួយសម្របសម្រួល ដើម្បីឱ្យមានជំនួបពិភាក្សាជាមួយនឹងសមាគមក្នុងវិស័យទេសចរណ៍នៅកម្ពុជា អំឡុងពេលដែលគណប្រតិភូក្រសួងទេសចរណ៍គុយបា អញ្ជើញមកទស្សនកិច្ចនៅកម្ពុជា នាពេលខាងមុខនេះ។
គួរបញ្ជាក់ថា ជាការឆ្លើយតបនឹងចំណាប់អារម្មណ៍ខាងលើនេះ លោករដ្ឋមន្រ្តីក្រសួងទេសចរន៍ ក៏បានឯកភាពតាមការស្នើសុំ និងគាំទ្រឱ្យមានការរៀបចំជា FAM Trip ទៅវិញទៅមក ក៏ដូចជាការចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងក្រសួងទេសចរណ៍នៃប្រទេសទាំងពីរ៕


