សហគ្រាស និងក្រុមហ៊ុនធំៗរបស់ចិន បានបង្ហាញពីគោលបំណង ចង់ទៅវិនិយោគនៅកម្ពុជា នាពេលខាងមុខ ខណៈបច្ចុប្បន្នក្រុមហ៊ុន និងសហគ្រាសទាំងនោះ បានមកជួបពិភាក្សាមន្រ្តីស្ថានអគ្គកុងស៊ុលកម្ពុជានាទីក្រុងក្វាងចូវ សាធារណរដ្ឋប្រជាមានិតចិនរួចរាល់ហើយ។

នេះបើយោងតាមជំនួបពិភាក្សារវាងលោក ឡៅ ងួន អេង អនុព័ន្ធពាណិជ្ជកម្មកម្ពុជាអមស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងក្វាងចូវ ជាមួយ តំណាងសហគ្រាសឧស្សាហកម្មទីក្រុង Yangjiang ដែលដឹកនាំដោយ លោក Zheng Chaoqun ប្រធានមន្ទីរការបរទេសនៃទីក្រុង Yangjiang ដើម្បីពិភាក្សាការងារពាក់ព័ន្ធពាណិជ្ជកម្ម និងវិនិយោគ កាលពីចុងសប្តាហ៍កន្លងទៅ។

ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ក្នុងជំនួបនេះ រៀបចំឡើងក្នុងគោលបំណងស្វែងយល់ពីទីផ្សារ នយោបាយពាណិជ្ជកម្ម និងវិនិយោគរបស់កម្ពុជា ជាមួយនឹងបំណងទៅវិនិយោគនៅកម្ពុជា ដោយមានការចូលរួមពីតំណាងសហគ្រាស/ក្រុមហ៊ុន Sunlife Enterprise (Yangjiang) Co., Ltd, Sabre Enterprise Limited, Yangjiang Yangdong District Boxin Trading Co., Ltd, និង Guangdong Mingxuan Industrial Co., Ltd. ដែលសហគ្រាសទាំងនេះមានជំនាញ ក្នុងការផលិតសម្ភារៈផ្ទះបាយ ផលិតផលកញ្ចក់ និងថាមពលស្អាត (ផ្ទាំង Sola និង Storage) ជាដើម។
សូមរម្លឹកថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា ក្នុងឆ្នាំ២០២៥ មានគម្រោងវិនិយោគចំនួន៦៣០ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ១០ប៊ីលានដុល្លារអាម៉េរិក អាចបង្កើតការងារបានប្រមាណ ៤៣៨ពាន់កន្លែងត្រូវបានចុះបញ្ជី ដោយគណៈកម្មាធិការវិនិយោគកម្ពុជា៕ អត្ថបទ៖ហ្សាលីន

