រដ្ឋកាលីហ្វ័រញ៉ា មានគម្រោងក្នុងការចំណាយទឹកប្រាក់ ២០០លានដុល្លារ ដើម្បីធ្វើឲ្យទីផ្សារថយន្តអគ្គិសនីរស់រានឡើងវិញ បន្ទាប់ពីរដ្ឋាភិបាលរបស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ បានបញ្ចប់ជំនួយសហព័ន្ធសម្រាប់វិស័យនេះ កាលពីឆ្នាំមុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

អភិបាលរដ្ឋកាលីហ្វ័រញ៉ា លោក Gavin Newsom បាននិយាយថា រដ្ឋរបស់លោកចង់ជំនួសរដ្ឋាភិបាលសហរដ្ឋអាមេរិក ក្នុងការផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់អ្នកទិញរថយន្តអគ្គិសនីយកទៅប្រើប្រាស់។
ជុំវិញផែនការនេះ បានកើតឡើងបន្ទាប់ពីសហរដ្ឋអាមេរិក បានបញ្ចប់ឥណទានពន្ធសហព័ន្ធចំនួន ៧ ៥០០ដុល្លារ សម្រាប់រថយន្តអគ្គិសនីថ្មី និង ៤ ០០០ដុល្លារ សម្រាប់រថយន្តដែលប្រើប្រាស់រួច។ ការបញ្ចប់ការលើកទឹកចិត្តដែលមានប្រសិទ្ធភាពចាប់ពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ បានបណ្តាលឲ្យមានការធ្លាក់ចុះយ៉ាងខ្លាំងនៃការលក់រថយន្តអគ្គិសនី និងរថយន្តប្រើប្រាស់ហើយ ក្នុងរយៈពេលបីខែចុងក្រោយ។
យ៉ាងណាមិញ ចាប់តាំងពីចុងឆ្នាំ ២០២៤ អភិបាលរដ្ឋ លោក Newsom បានថ្លែងថា ប្រសិនបើរដ្ឋបាលរបស់លោក ត្រាំ លុបបំបាត់ឥណទានពន្ធសហព័ន្ធ នោះរដ្ឋកាលីហ្វ័រញ៉ានឹងបង្កើតកំណែទម្រង់ថ្មីនៃកម្មវិធីបញ្ចុះតម្លៃរថយន្តស្អាត (CVRP) ជំនួសវិញ។ កម្មវិធីនេះក៏ផ្តល់សំណងរហូតដល់ ៧ ៥០០ដុល្លារសម្រាប់អ្នកទិញរថយន្តអគ្គិសនី ស្រដៀងគ្នាទៅនឹងកម្មវិធីចាស់របស់រដ្ឋាភិបាលសហព័ន្ធផងដែរ។
ជម្រាបជូនថា លោក Newsom ជារឿយៗត្រូវបានចាត់ទុកថាជាគូប្រជែងដ៏ខ្លាំងក្លារបស់លោកប្រធានាធិបតី ត្រាំ ហើយលោកក៏ត្រូវបានចាត់ទុកថាជាបេក្ខជនប្រធានាធិបតីឈានមុខគេរបស់គណបក្សប្រជាធិបតេយ្យ នៅឆ្នាំ២០២៨ ខាងមុខនេះ ផងដែរ៕

