តៃវ៉ាន់ បានប្រកាសថាខ្លួននឹងបង្កើនការទិញឧស្ម័នធម្មជាតិ (LNG) របស់សហរដ្ឋអាមេរិក ដើម្បីបង្កើតបានប្រហែលមួយភាគបីនៃការផ្គត់ផ្គង់ការនាំចូលរបស់ខ្លួន នៅឆ្នាំនេះ និងកាត់នបន្ថយការទិញពីប្រទេសដទៃទៀត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

តៃវ៉ាន់ ដែលមានអតិរេកពាណិជ្ជកម្មជាច្រើនជាមួយសហរដ្ឋអាមេរិក បានបង្ហាញចំណាប់អារម្មណ៍លើគម្រោងឧស្ម័នធម្មជាតិរាវ ថ្មីដ៏ធំមួយនៅក្នុងរដ្ឋ Alaska ដែលរដ្ឋបាលរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ បានជំរុញយ៉ាងខ្លាំងដល់ តៃវ៉ាន់ដែលជាសម្ព័ន្ធមិត្តនៅអាស៊ី ជាជម្រើសសម្រាប់ការផ្គត់ផ្គង់។
យ៉ាងណាមិញ បើតាមរដ្ឋមន្ត្រីសេដ្ឋកិច្ចតៃវ៉ាន់ លោក Kung Ming-hsin បានប្រាប់ទៅកាន់អ្នយកព័ត៌មាននៅទីក្រុងតៃប៉ិថា តៃវ៉ាន់ចង់បានឧស្ម័នបន្ថែមទៀតពីសហរដ្ឋអាមេរិក ជាជាងប្រទេសដទៃផ្សេងទៀត។
មិនតែប៉ុណ្ណោះ លោក Fang Jeng-zen ប្រធានក្រុមហ៊ុនចម្រាញ់ប្រេង CPC Corp របស់រដ្ឋតៃវ៉ាន់ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានដដែលនោះថា៖” យើងមានគម្រោងបង្កើនការទិញឧស្ម័នធម្មជាតិរាវពិសហរដ្ឋអាមេរិកដល់ ៣០% ទៅ ៣៣% នៅឆ្នាំនេះ ពោលគឺកើនឡើងពីចំនួន ១០% ក្នុងពេលបច្ចុប្បន្ន”។
ជម្រាបជូនផងដែរថា កន្លងមកប្រទេសកាតា និងអូស្រ្តាលី គឺជាអ្នកផ្គត់ផ្គង់ឧស្ម័នធំជាងគេបំផុតរបស់តៃវ៉ាន់ ក្នុងឆ្នាំ២០២៥ ដោយប្រទេសនីមួយៗមានចំនួនមួយភាគបីនៃការនាំចូលឧស្ម័នសរុបដែលមានចំនួន ២៣,៨១ លានតោន៕

