អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានចេញសេចក្ដីសម្រេចតែងតាំង អ្នកឧកញ៉ា ឃុន សៀ នាយកក្រុមហ៊ុន ឃុន សៀ ឌីវេឡុបមេន គ្រុប (Khun Sea Development Group Co., Ltd) ជាទីប្រឹក្សាជាន់ខ្ពស់សភាពាណិជ្ជកម្មកម្ពុជា អាណត្ដិទី៥ នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៦។

អ្នកឧកញ៉ា ឃុន សៀ ជាម្ចាស់ក្រុមហ៊ុន ឃុន សៀ ឌីវេឡុបមេន គ្រុប ដែលត្រូវបានគេដឹងថា ជាក្រុមហ៊ុនអភិវឌ្ឍន៍លើគម្រោងធំៗជាច្រើន ដូចជា សាងសង់ទីកក្រុងមេគង្គ ឃី (Mekong Quay City) ស្ថិតនៅក្រុងអរិយក្សត្រ ខេត្តកណ្តាល, ការបង្កើតទីក្រុងរណប ទីតាំងអភិវឌ្ឍលំនៅឋានតម្លៃសមរម្យ និងតំបន់ទេសចរណ៍ជាច្រើនទីតាំងផ្សេងទៀត។
សូមជម្រាបជូនថា សភាពាណិជ្ជកម្មកម្ពុជា ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៥ ដោយមានទំនាក់ទំនងនៅទូទាំងប្រទេស ព្រមទាំងដៃគូកម្រិតតំបន់ និងពិភពលោក។ បច្ចុប្បន្ន មានសភាពាណិជ្ជកម្មកម្ពុជា មានសភាពាណិជ្ជកម្មរាជធានី-ខេត្ត ចំនួនសរុប១៨ ដែលស្ថិតនៅក្រោមសភាពាណិជ្ជកម្មកម្ពុជា។
សភាពាណិជ្ជកម្ម គឺជាស្ថាប័នមួយមិនសំដៅរកប្រាក់ចំណេញ ដែលសមាជិកភាពមានលក្ខណៈស្ម័គ្រចិត្ត និងជាស្ថាប័នតំណាងការពារផលប្រយោជន៍ជូនវិស័យឯកជនលើផ្នែកពាណិជ្ជកម្ម ឧស្សាហកម្ម សិប្បកម្ម សេវាកម្ម និងកសិកម្ម ដោយធ្វើសកម្មភាពបម្រើឲ្យសេដ្ឋកិច្ចជាតិ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងនៅទូទាំងប្រទេស៕



