អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស បានបង្ហើបឱ្យដឹងថា ក្រុមហ៊ុន វីរៈ ប៊ុនថាំ កំពុងសាងសង់រោងចក្រផលិតជីកសិកម្ម ដែលមានសមត្ថភាពផលិតបាន ២០០តោនក្នុងមួយថ្ងៃ ខណៈដែលបច្ចុប្បន្នដំណើរការសាងសង់ជិតរួចរាល់ ១០០ភាគរយហើយ។ ជីកសិកម្ម របស់ក្រុមហ៊ុន វីរៈ ប៊ុនថាំ នឹងលក់ក្នុងតម្លៃក្រោមទីផ្សារ ជូនដល់កសិករខ្មែរ ពិសេសនឹងមានការដឹកជញ្ជូនយ៉ាងឆាប់រហ័ស ជូនដល់កសិករនៅតាមតំបន់ដាច់ស្រយាល។

ថ្លែងប្រាប់ឧកញ៉ាញូស៍ កាលពីថ្ងៃទី០៨ ខែមិថុនា អ្នកឧកញ៉ា សួរ វីរៈ បានលើកឡើងថា គោលនយោបាយរបស់រាជរដ្ឋាភិបាល បានជំរុញឱ្យអ្នកវិនិយោគលើវិស័យកសិកម្មមានការកើនឡើង ព្រមទាំងមានការលើកទឹកចិត្តផងដែរ។ ក្នុងនោះដែរ ក្រុមហ៊ុន វីរៈ ប៊ុនថាំ ក៏បានចូលរួមមួយចំណែកធំ ក្នុងការជួយដឹកជញ្ជូនកសិផលកម្ពុជា ទៅកាន់ប្រទេសផ្សេងៗលើពិភពលោក ពិសេសទៅប្រទេសចិន។ ក្រុមហ៊ុន វីរៈ ប៊ុនថាំ បានបង្កើនក្រុមហ៊ុនថ្មីជាច្រើន ក្នុងការជួយនាំចេញផលិតផលកសិករកម្ពុជា ដូចជាការរៀបចំឯកសារច្បាប់ទម្លាប់ ដើម្បីឱ្យផលិតផលកសិកម្មអាចនាំចេញបាន។

អ្នកឧកញ៉ា សួរ វីរៈ បានគូសបញ្ជាក់បន្ថែមដូច្នេះថា៖ “លើសពីនេះ ក្រុមហ៊ុន វីរៈ ប៊ុនថាំ ក៏បានវិនិយោគលើរោងចក្រផលិតជី ដែលមកដល់ពេលនេះស្ទើរតែរួចរាល់ ១០០ភាគរយហើយ។ នេះជារោងចក្រផលិតជីសរីរាង្គ ជីជន្លេន និងផលិតជីគីមីផងដែរ ហើយកម្លាំងផលិតគឺយើងអាចផលិតបាន ២០០តោនក្នុងមួយថ្ងៃ។ យើងសង្ឃឹមថា នៅខែក្រោយនឹងអាចសម្ពោធបើកការលក់ជីរបស់ក្រុមហ៊ុន វីរៈ ប៊ុនថាំ ជូនដល់កសិករយើង។ ដោយសារក្រុមហ៊ុន វីរៈ ប៊ុនថាំ ជាក្រុមហ៊ុនដឹកជញ្ជូន ដូច្នេះខ្ញុំជឿជាក់ថា ការដឹកជញ្ជូនជីរបស់ក្រុមហ៊ុនយើង ជូនទៅដល់កសិករនៅតំបន់ដាច់ស្រយាល នឹងកាន់តែងាយស្រួល។ ចំពោះតម្លៃ ជីរបស់ក្រុមហ៊ុន វីរៈ ប៊ុនថាំ អាចនឹងធូរថ្លៃជាងជីដែលនាំចូលពីក្រៅប្រទេស ហើយយើងនឹងផ្តល់ការដឹកជញ្ជូនជីដល់កសិករយើងក្នុងតម្លៃមួយថេរ”។
សូមជម្រាបថា ក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស របស់អ្នកឧកញ៉ា សួរ វីរៈ តែងតែគិតគូនិងយកចិត្តទុកដាក់ខ្ពស់ ក្នុងការលើកស្ទួយវិស័យកសិកម្មកម្ពុជា ពិសេសគឺការជួយរកទីផ្សារកសិផលជូនបងប្អូនប្រជាកសិករខ្មែរ។ ជាក់ស្តែង អ្នកឧកញ៉ា ក៏ទើបប្រកាសនាំយករថយន្តត្រជាក់សរុបចំនួន ៥០០គ្រឿង ពីប្រទេសចិន ដើម្បីដឹកកសិផល បន្លែ ផ្លែឈើរបស់កម្ពុជា ទៅលក់ផ្ទាល់នៅប្រទេសចិនផងដែរ៕








