សមាគមអ្នកផលិតឱសថប៉ាគីស្ថាន មានបំណងបណ្តាក់ទុនវិនិយោគលើវិស័យឧស្សាហកម្មនៅកម្ពុជាសម្រាប់ផលិត និងនាំចេញឱសថទៅកាន់ទីផ្សារក្នុងស្រុក និងតំបន់ផងដែរ។នេះបើយោងតាមជំនួបពិភាក្សារវាងលោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ជាមួយនឹងសមាគមអ្នកផលិតឱសថប៉ាគីស្ថាន កាលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦។

ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ក្នុងជំនួបនោះ ភាគីទាំងពីរបានពិភាក្សាពីកិច្ចសហប្រតិបត្តិការក្នុងវិស័យឧស្សាហកម្មឱសថ ដោយសមាគមមានបំណងបណ្តាក់ទុនវិនិយោគនៅកម្ពុជាសម្រាប់ផលិត និងនាំចេញឱសថទៅកាន់ទីផ្សារក្នុងស្រុក និងតំបន់ផងដែរ។
ពាក់ព័ន្ធនឹងគម្រោងវិនិយោគនេះដែរ ក្នុងឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា គម្រោងវិនិយោគចំនួន៦៣០ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ១០ប៊ីលានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ៤៣៨ពាន់កន្លែងត្រូ វបានចុះបញ្ជី ដោយគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.វ.ក. នៃ ក.អ.ក.)៕ អត្ថបទ៖ហ្សាលីន



