លោក គួច វែងស្រ៊ុន រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី បានលើកឡើងលើបណ្ដាញសង្គមផ្ទាល់ខ្លួន ដោយគូសបញ្ជាក់ពីភាពមមាញឹកមួយរយលានជំពូករបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា លើកិច្ចការជាតិ កិច្ចការទូត កិច្ចការធានាឈានទៅសម្រេចសន្តិភាពពេញលេញ កិច្ចការស្តារឡើ ងវិញ និងព្យាយាមគ្រប់បែបយ៉ាងដើម្បីការពារជីវិតកងទ័ព ជនស៊ីវិល និងដំណើរការប្រក្រតីភាពនៃប្រទេសទាំងមូល។

លោក គួច វែងស្រ៊ុន បានលើកឡើងដោយមានខ្លឹមសារទាំងស្រុងថា៖ «បងប្អូនមួយភាគធំ និងបណ្តាញសង្គមពេលនេះ កំពុងជជែកច្រើនលើប្រធានបទក្តៅ ក្រោយអនុវត្តបទឈប់បាញ់ តែពួកគាត់ទាំងពីរនេះ មិនទាន់បានសម្រាកសោះឡើយ។

ស្ត្រីទីមួយយកចិត្តទុកដាក់ជាប្រចាំវីរកងទ័ពទាំងពលី កំពុងសម្រាកព្យាបាល ព្រមទាំងជនភៀសសឹក ហើយនឹងកិច្ចការមនុស្សធម៌ជាច្រើនផងដែរ។ ជាមួយនេះសម្តេចធិបតី មមាញឹកមួយរយលានជំពូកលើកិច្ចការជាតិ កិច្ចការទូត កិច្ចការធានាឈានទៅសម្រេចសន្តិភាពពេញលេញ កិច្ចការស្តារឡើងវិញ និងព្យាយាមគ្រប់បែបយ៉ាងដើម្បីការពារជីវិតកងទ័ព ជនស៊ីវិល និងដំណើរការប្រក្រតីភាពនៃប្រទេសទាំងមូល។
បងប្អូនមានសិទ្ធិបារម្ភ ការយកចិត្តទុកដាក់ គិតគូរ តែសូមមេត្តាទុកពេលជូនរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ ដែលកំពុងមមាញឹកយ៉ាងខ្លាំងគ្មានឈប់ឈរទៅតាមនីតិវិធីច្បាប់ និងគ្រប់យន្តការតាមដែលអាចធ្វើទៅបាន។ សូមបងប្អូនមេត្តាចងចាំថា ចោរបើគេតាំងចិត្តលួចយើង គេតាមយាយី រៀបចំផែនការសកម្មភាព និងមិនដែលទុកឱ្យយើងរស់បានស្រួលមួយថ្ងៃមួយនាទីណាឡើយ ពិសេសគ្រប់មធ្យោបាយ។
យុទ្ធសាស្ត្របំបែកបំបាក់ សាមគ្គី ការជឿជាក់ តាមរយ:កម្រងរូបភាពដ៏ឈឺចាប់ជាច្រើនដែលបងប្អូនកំពុងឃើញ គេកំពុងធ្វើ គឺបានចាប់ផ្តើមរុញឱ្យបងប្អូនយើងមានមន្ទិលសង្ស័យ ពិតដូចពិត មិនពិតដូចពិត រួចបង្កើនចិត្តរួញរា យកការឈឺចាប់មកផ្អាកការជឿ យកភាពគគ្លើនមករុញបងប្អូនចាកឆ្ងាយពីរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំ។ ទាំងនេះ គឺជាចេតនាយ៉ាងជាក់ស្តែងដែលបងប្អូនបានឃើញ ហើយក៏បានរួមគ្នាពេលគេធ្វើទាំងមុនសង្គ្រាម កំឡុងសង្គ្រាម ពិសេសពេលនេះតែម្តង។
យន្តការច្បាប់ និងអន្តរជាតិយើងបានធ្វើ កំពុងធ្វើ តែលទ្ធផលមិនមែនត្រឹមប៉ុន្មានថ្ងៃសម្រេចចេញរូបរាងនោះទេ ពិភពលោកពេលនេះ កំពុងស្ថិតក្នុងចលាចល សង្គ្រាមទាំងពីរលើក គឺបានបង្រៀនច្រើនសមល្មម ដែលត្រូវច្បាស់ថា គ្មាននរណាមកជួយយើងជាងយើងរួមគ្នាជាធ្លុងមួយជានិច្ច និងគ្រប់ពេលនោះទេ ពិសេសស្ថិតក្នុងដំណាក់កាលដ៏មហាលំបាកថ្ងៃនេះ។ យើងមិនត្រឹមតែកំពុងស្ថិតក្នុងអន្តរការនៃសង្គ្រាម តែយើងក៏កំពុងប្រឈមនឹងសេដ្ឋកិច្ច ដំណើរការនៃជីវភាពប្រជាជនទូទាំងប្រទេស ដែលនឹងត្រូវខិតខំរួមគ្នាចាប់ផ្តើមរស់នឹងបរិបទថ្មី ការពង្រឹងចលនាជាតិនិយម លើកកម្ពស់ផលិតផលជាតិ ពង្រឹងគុណភាពដើម្បីធានាការប្រកួតប្រជែងជាដើម។
ជាចុងក្រោយ សូមបងប្អូនមេត្តារក្សាបានស្មារតីជាតិនិយម ស្មារតីខ្មែរតែមួយ អត់ធ្មត់ ទ្រាំ សាមគ្គី និងជឿជាក់លើរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ ពិសេសវីរភាពនៃសាច់ស្រស់ឈាមស្រស់របស់វីរកងទ័ពយើង ដែលបានពលី និងលះបង់ដើម្បីបុព្វេហេតុជូនជាតិ និងប្រជាជនដ៏កម្សត់របស់យើង»៕

