១០ឆ្នាំមកនេះ អូស្ត្រាលី បានវិនិយោគ១៤ លានដុល្លារ លើការអភិវឌ្ឍប្រព័ន្ធចុះបញ្ជីសង្គមនៅកម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

ក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ អូស្ត្រាលីបានវិនិយោគទឹកប្រាក់ចំនួន ១៤ លានដុល្លារអូស្ត្រាលី ដើម្បីជួយដល់ការអភិវឌ្ឍប្រព័ន្ធចុះបញ្ជីសង្គមកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រនៅកម្ពុជា។ នេះបើតាមការឲ្យដឹងពីស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា កាលពីពេលថ្មីៗនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា បានឲ្យដឹងថា អូស្ត្រាលីបានគាំទ្រ កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ UNDP Cambodia ដើម្បីធ្វើការវាយតម្លៃមួយ ដោយសហការជាមួយ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម – NSPC Cambodia ដែលជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់យើងក្នុងការគាំទ្រដល់ប្រព័ន្ធគាំពារសង្គមរបស់ប្រទេសកម្ពុជា។

ជាក់ស្តែង ក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ អូស្ត្រាលីបានវិនិយោគទឹកប្រាក់ចំនួន ១៤ លានដុល្លារអូស្ត្រាលី ដើម្បីជួយដល់ការអភិវឌ្ឍប្រព័ន្ធចុះបញ្ជីសង្គមកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ ដែលអាចជួយឱ្យការឧបត្ថម្ភសាច់ប្រាក់ដំណើរការបានយ៉ាងឆាប់រហ័ស ដល់ប្រជាជនកម្ពុជាក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលរាតត្បាតនៃជំងឺកូវីដ-១៩ ។

សូមជំរាបដែរថា កាលពីសប្តាហ៍មុន មន្ត្រីស្ថានទូតមានសេចក្តីសមនស្សរីករាយដែលបានចូលរួមក្នុងពិធីប្រកាស និងផ្សព្វផ្សាយរបាយការណ៍ការវាយតម្លៃស្តីពីឥទ្ធពលនៃការអនុវត្តកម្មវិធីឧបត្តម្ភសាច់ប្រាក់របស់រាជរដ្ឋាភិបាលកម្ពុជា ជូនប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលរាតត្បាតជំងឺកូវីដ-១៩។

ការវាយតម្លៃនេះ ក៏បានបង្ហាញយ៉ាងច្បាស់ពីតួនាទីដ៏សំខាន់នៃការឧបត្ថម្ភសាច់ប្រាក់ ក្នុងនោះរួមទាំងការរួមចំណែកដល់កំណើនផលិតផលក្នុងស្រុកសរុប របស់កម្ពុជារហូតដល់ ០,៥៥% ក្នុងឆ្នាំ ២០២០ និងកាត់បន្ថយអត្រានៃភាពក្រីក្រ ៣,៤% ក្នុងឆ្នាំ ២០២១។

ជាមួយគ្នានេះ នៅក្នុងភាពជាដៃគូជាមួយទីភ្នាក់ងារកិច្ចសហប្រតិបតិ្តការអាល្លឺម៉ង់ GIZ Cambodia និង កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ UNDP Cambodia អូស្ត្រាលី ក៏មានមោទនភាពក្នុងការគាំទ្រដំណើរការកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជាប្រវត្តិសាស្រ្តនេះ ដែលកម្មវិធីនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ចសង្គមរបស់ប្រជាពលរដ្ឋដែលងាយរងគ្រោះជាងគេ ពីជំងឺកូវីដ-១៩ផងដែរ៕ អត្ថបទ៖ រង្សី