សមាគមឧកញ៉ាកម្ពុជា ផ្ញើលិខិតរំលែកមរណទុក្ខជូនលោកជំទាវ អ៊ាង ហេង ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ អ្នកឧកញ៉ា គង់ សាង

សមាគមឧកញ៉ាកម្ពុជា

ភ្នំពេញ៖ សមាគមឧកញ៉ាកម្ពុជា បានផ្ញើលិខិតរំលែកមរណទុក្ខជូនលោកជំទាវ អ៊ាង ហេង ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ អ្នកឧកញ៉ា គង់ សាង សមាជិកក្រុមប្រឹក្សាភិបាល និងជា ព្រឹទ្ធាចារ្យសហស្ថាបនិក នៃសមាគមឧកញ៉ាកម្ពុជា ដែលបានទទួលអនិច្ចកម្មកាលពីថ្ងៃចន្ទ ៧រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ នាវេលាម៉ោង ៨:៥៨ នាទីយប់ ក្នុងជន្មាយុ ៧៣ឆ្នាំ ដោយ​រោគាពាធ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមជម្រាបថា អ្នកឧកញ៉ា គង់ សាង គឺជា «ព្រឹទ្ធចារ្យសហស្ថាបនិក» មួយរូបដែលបានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងធនធានដោយបានចូលរួមយ៉ាងសកម្មក្នុងការបង្កើត សមាគមឧកញ៉ាកម្ពុជា និងបានបន្តចូលរួម​សហការរហូតសម្រេចបានសមិទ្ធផលជាបន្តបន្ទាប់ និងមានតួនាទីជា សមាជិកក្រុមប្រឹក្សាភិបាល​របស់សមាគមនៅ​ក្នុងអាណត្តិទី១ ចាប់តាំងពីសមាគមឧកញ៉ាកម្ពុជាបានប្រកាសជាផ្លូវកាលពីអំឡុងឆ្នាំ២០២៣មក។

ជាមួយគ្នានេះដែរ អ្នកឧកញ៉ា ក៏ជាអតីតប្រធានសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផល​ធ្វើដំណើរនៅកម្ពុជា(TAFTAC) និងជាអនុប្រធាននៃសមាគម WU Chinese Association in Cambodia (WAC) ផងដែរ។ អ្នកឧកញ៉ា គឺជាធុរជនដ៏លេចធ្លោមួយរូបដែលបានរួមចំណែក​ដ៏សំខាន់ក្នុងការកសាង​សេដ្ឋកិច្ច​ជាតិតាមរយៈការបណ្តាក់ទុនផ្ទាល់ និងការកៀរគរវិនិយោគិនពីក្រៅប្រទេស មកវិនិយោគនៅក្នុងប្រទេស ដើម្បី​បង្កើត​ការងាររាប់ម៉ឺនកន្លែងដល់ប្រជាពលរដ្ឋខ្មែរ ព្រមទាំងបានចូលរួមក្នុងការងារមនុស្សធម៌ និងសង្គមកិច្ចជា​ច្រើនទៀត ជាមួយរាជរដ្ឋាភិបាលកម្ពុជានាពេលកន្លងមក។

អ្នកឧកញ៉ា គង់ សាង បានចូលប្រឡូកក្នុងវិស័យជំនួញតាំងពីដើមទសវត្សរ៍ឆ្នាំ១៩៩០មកម្ល៉េះ ដោយក្នុងចន្លោះឆ្នាំ​១៩៩៣ ដល់ឆ្នាំ១៩៩៦ បាននាំចូលនូវផលិតផលមួយចំនួនពីបរទេស មកលក់ក្នុងប្រទេស ជាពិសេសក្រណាត់​សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។ នាចុងឆ្នាំ១៩៩៦ លោកនិងដៃគូធុរជនចិនតៃវ៉ាន់បានបង្កើត​រោងចក្រកាត់ដេរ​សម្លៀកបំពាក់ និងក្រោយមកទៀតបង្កើតរោងចក្រប៉ាក់។ លោកជាក៏ស្ថាបនិកនៃរោងចក្រ Evergreen Apparel Cambodia Co., Ltd. ក៏ដូចជារោងចក្រ Evergreen Industrial Co., Ltd. និងរោងចក្រ Evergreen Computerized Embroidery Company ផងដែរ។ បន្ថែមលើនេះ លោកក៏បានធ្វើការវិនិយោគ​លើវិស័យផ្សេងៗ​មួយចំនួនទៀត។

ក្នុងអាជីពជាអ្នកវិនិយោគ លោកត្រូវបានទទួលស្គាល់ពីសំណាក់រាជរដ្ឋាភិបាលក្នុងការចូលរួមចំណែកកសាង​សេដ្ឋកិច្ចកម្ពុជា តាមរយៈការបង្កើតការងារជាច្រើនដល់ប្រជាពលរដ្ឋខ្មែរ ព្រមទាំងការងារមនុស្សធម៌ និងសង្គមជាច្រើនទៀត។ អ្នកឧកញ៉ា បានទទួលគ្រឿងឥស្សរិយយសជាច្រើនពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសគ្រឿងឥស្សរិយយសថ្នាក់កំពូល «ជាតូបការ» ដែលប្រោសព្រះរាជទានដោយព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រកម្ពុជា។