កម្ពុជា និងម៉ារ៉ុក បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀត ដែលជាប្រយោជន៍រួមនៃប្រទេសទាំងពីរ។ នេះបើតាមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ។

កិច្ចពិភាក្សាកាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ចាយ ណាវុធ អនុរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយ លោក Omar KADIRI ប្រធាននាយកកិច្ចការអាស៊ី និងអូសេអានី នៃក្រសួងការបរទេស សហប្រតិបត្តិការអាហ្វ្រិក និងជនអន្តោប្រវេសន៍ម៉ារ៉ុក នៅទីក្រុងរ៉ាបាត បានស្វាគមន៍ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងកម្ពុជា-ម៉ារ៉ុក។
ភាគីទាំងពីរបានរំលឹកឡើងវិញនូវកិច្ចប្រជុំប្រកបដោយផ្លែផ្កា នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ តាមប្រព័ន្ធវីដេអូ រវាងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម ណាសឺរ ប៊ូរីតា រដ្ឋមន្ត្រីក្រសួងការបរទេស នៃព្រះរាជាណាចក្រម៉ារ៉ុក ពិសេសការចុះហត្ថលេខា លើសេចក្តីថ្លែងការណ៍រួម ដែលជាផែនទីបង្ហាញផ្លូវច្បាស់លាស់ សម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតរវាងប្រទេសទាំងពីរ។

ជាមួយគ្នានោះ ភាគីទាំងពីរ ក៏បានពិភាក្សាអំពីការរៀបចំកិច្ចប្រជុំពិគ្រោះ យោបល់ទ្វេភាគីលើកទី៥ រវាងក្រសួងការបរទេសទាំងពីរ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងរ៉ាបាត ប្រទេសម៉ារ៉ុក ក្នុងឆ្នាំ២០២៦ ។ លើសពីនេះ ភាគីទាំងពីរក៏បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀត ដែលជាប្រយោជន៍រួមនៃប្រទេសទាំងពីរផងដែរ៕

