អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មាធិការសម្របសម្រួលក្រុមការងារវិស័យឯកជនសម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានពិនិត្យនិងចាប់អារម្មណ៍សក្តានុពលផ្នែកឧស្សាហកម្មនៅស្រុកក្រគរខេត្តពោធិ៍សាត់ និងមើលស្ថានភាពអាងអភិរក្សដំណាក់ក្រាញ់ ស្ថិតនៅក្នុងភូមិអន្សក្តាម ឃុំស្នាអន្សា។

តាមរយៈផេកផ្លូវការរបស់ ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល នារសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានបញ្ជាក់ដូច្នេះថា «អ្នកឧកញ៉ាគិត ម៉េង ចុះពិនិត្យនិងចាប់អារម្មណ៍សក្តានុពលផ្នែកឧស្សាហកម្មនៅស្រុកក្រគរ ខេត្តពោធិ៍សាត់ និងមើលស្ថានភាពអាងអភិរក្សដំណាក់ក្រាញ់ ស្ថិតនៅក្នុងភូមិអន្សក្តាម ឃុំស្នាអន្សា»។
សូមបញ្ជាក់ថា ស្រុកក្រគរ ខេត្តពោធិ៍សាត់ បាននិងកំពុងអភិវឌ្ឍន៍ទៅមុខ ដោយមានតំបន់សេដ្ឋកិច្ចពិសេស ទាក់ទាញបានវិនិយោគិនថ្មីៗជាបន្តបន្ទាប់។ ជាក់ស្តែង ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រគរ បច្ចុប្បន្នត្រូវបានអភិវឌ្ឍន៍រួចរាល់ និងកំពុងដំណើរការរួមមាន៖ រោងចក្រកាត់ដេរ រោងចក្រតម្លើងត្រង់ស្វូរ រោងចក្រផ្គុំ និងតំឡើងរថយន្ត Ford របស់សហរដ្ឋអាមេរិក ពហុកីឡដ្ឋានសម្តេចតេជោ ហ៊ុន សែន ជាដើម។
ថ្មីៗនេះ ក៏ទើបតែបើកសម្ពោធតំបន់សេដ្ឋកិច្ចរបស់ជប៉ុន មួយដែលវិនិយោគដោយក្រុមហ៊ុន Minebea Cambodia ក្នុងទំហំទឹកប្រាក់ចំនួន ៦៥០លានដុល្លារ លើផ្ទៃដីចំនួន៥០ហិកតា ។ តំបន់សេដ្ឋកិច្ចពិសេសថ្មីនេះដែរ នឹងជំរុញការវិនិយោគបន្ថែមទៀតទៅកាន់ខេត្តពោធិ៍សាត់ ជាពិសេសការវិនិយោគនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ដែលទើបតែសាងសង់រួច បង្កើនឱកាសការងារជាច្រើនបន្ថែមទៀតផងដែរ៕



