នារសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានអញ្ជើញជាអធិបតីភាពក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងសហភាពសហព័ន្ធយុវជនកម្ពុជា និងសមាគមសិល្បករខ្មែរ នៅមជ្ឈមណ្ឌលម៉ានី អគារ The KAMPUS។

ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានេះ ធ្វើឡើងក្នុងគោលបំណងបង្កើនកិច្ចសហការ និងផ្តល់ការគាំទ្រឱ្យគ្នាទៅវិញទៅមក ដូចជាការផ្សព្វផ្សាយព័ត៌មានអំពីកម្មសិក្សា ឱកាសការងារ វគ្គបណ្តុះបណ្តាល សិក្ខាសាលា វប្បធម៌ និងព្រឹត្តិការណ៍ផ្សេងទៀត ដើម្បីចូលរួមលើកកម្ពស់អប់រំ បណ្តុះបណ្តាល ស្រាវជ្រាវ ផ្តល់ការងារ និងអត្ថប្រយោជន៍សង្គមផងដែរ។
តាមរយៈការចុះអនុស្សារណៈយោគយល់រវាង ស.ស.យ.ក. និងសមាគមន៍សិល្បៈករខ្មែរ នាពេលនេះ គឺជាសកម្មភាពមួយដែលបង្ហាញថា ស.ស.យ.ក. តែងតែយកចិត្តទុកដាក់ និងគាំទ្ររាល់សកម្មភាពដែលរួមចំណែកក្នុងការថែររក្សាអត្តសញ្ញាណជាតិ និងលើកស្ទួយកេរ្ត៍ដំណែលវប្បធម៌ដ៏មានតម្លៃ ដែលដូនតាខ្មែរបានបន្សល់ទុក សម្រាប់កូនចៅជំនាន់ក្រោយឱ្យបន្តរក្សា និងអភិវឌ្ឍ៕








