នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអនុម័តយល់ព្រមលើសំណើសុំសាងសង់អគារធនាគារ វីង (Wing Bank) របស់អ្នកឧកញ៉ា គិត ម៉េង នៅក្រុងសៀមរាប ខេត្តសៀមរាប។

ការអនុម័តនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងសម្រេចលើសំណើសុំលិខិតអនុញ្ញាតសាងសង់អគារធនាគារវីង របស់ក្រុមហ៊ុន ខេមបូឌា ខេធើវីង អេន សឹបផ្លាយ ស្ថិតនៅភូមិមណ្ឌល២ សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប នៅទីស្តីការក្រសួង។ កិច្ចប្រជុំមានការអញ្ជើញចូលរួមពី អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារវីង និងជាអគ្គនាយកប្រតិបត្តិក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ព្រមទាំងថ្នាក់ដឹកនាំ និងគណៈគ្រប់គ្រងក្រុមហ៊ុន ព្រមទាំងមន្ត្រីជំនាញជាច្រើនរូប។
ឯកឧត្តម សាយ សំអាល់ បានមានប្រសាសន៍ថា៖ “ផ្តើមចេញពីថ្ងៃនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងភាគីពាក់ព័ន្ធទាំងអស់ បានសម្របសម្រួលឯកភាពគ្នាលើគោលគំនិតតែមួយ ដើម្បីរៀបចំអនុម័តលើអគារមួយ ដែលជាឧត្ដមប្រយោជន៍របស់ក្រុងសៀមរាប សំដៅធានានូវសោភណភាព គុណភាព និងសុវត្ថិភាពសំណង់ រួមផ្សំនឹងប្រណិតភាពនៃស្ថាបត្យកម្មខ្មែរ ដែលទាក់ទងនឹងក្រុងសៀមរាប ដែលជាទីក្រុងបេតិកភណ្ឌពិភពលោក”។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា វិស័យធនាគារ និងហិរញ្ញវត្ថុ បានចូលរួមបង្កើតការងារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិយ៉ាងសកម្ម។ ការអនុម័តគម្រោងនេះ គឺជាជំហានសំខាន់មួយក្នុងការជំរុញការអភិវឌ្ឍក្រុងសៀមរាប ដោយបន្ថែមសំណង់ទំនើបដែលគោរពតាមលក្ខណៈបច្ចេកទេស និងបទប្បញ្ញត្តិជាធរមាន។ ការពង្រីកសេវាធនាគារវីង នឹងផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ព្រមទាំងរួមចំណែកលើកកម្ពស់វិស័យសេវាកម្មហិរញ្ញវត្ថុនៅក្នុងខេត្តផងដែរ៕





