ក្រសួងរៀបចំដែនដី អនុម័តយល់ព្រមលើសំណើរសុំសាងសង់អគារធនាគារវីង របស់អ្នកឧកញ៉ា គិត ម៉េង នៅក្រុងសៀមរាប

ជុំវិញ​ឧកញ៉ា

នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអនុម័ត​យល់ព្រម​លើសំណើសុំសាងសង់អគារធនាគារ វីង (Wing Bank) របស់អ្នកឧកញ៉ា គិត ម៉េង នៅក្រុងសៀមរាប ខេត្តសៀមរាប។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការអនុម័តនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងសម្រេចលើសំណើសុំលិខិតអនុញ្ញាត​សាងសង់អគារធនាគារវីង របស់ក្រុមហ៊ុន ខេមបូឌា ខេធើវីង អេន សឹបផ្លាយ ស្ថិតនៅភូមិមណ្ឌល២ សង្កាត់​ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប នៅទីស្តីការក្រសួង។ កិច្ចប្រជុំមានការអញ្ជើញចូលរួមពី អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារវីង និងជាអគ្គនាយកប្រតិបត្តិក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ព្រមទាំងថ្នាក់ដឹកនាំ និងគណៈគ្រប់គ្រងក្រុមហ៊ុន ព្រមទាំងមន្ត្រីជំនាញជាច្រើនរូប។

ឯកឧត្តម សាយ សំអាល់ បានមានប្រសាសន៍ថា៖ “ផ្តើមចេញពីថ្ងៃនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងភាគីពាក់ព័ន្ធទាំងអស់ បានសម្របសម្រួលឯកភាពគ្នាលើគោលគំនិតតែមួយ ដើម្បីរៀបចំ​អនុម័តលើអគារមួយ ដែលជាឧត្ដមប្រយោជន៍របស់ក្រុងសៀមរាប សំដៅធានានូវសោភណភាព គុណភាព និងសុវត្ថិភាពសំណង់ រួមផ្សំនឹងប្រណិតភាពនៃស្ថាបត្យកម្មខ្មែរ ដែលទាក់ទងនឹងក្រុងសៀមរាប ដែលជាទីក្រុង​បេតិកភណ្ឌពិភពលោក”។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា វិស័យធនាគារ និងហិរញ្ញវត្ថុ បានចូលរួមបង្កើតការងារ និងជំរុញ​កំណើនសេដ្ឋកិច្ចជាតិយ៉ាងសកម្ម។ ការអនុម័តគម្រោងនេះ គឺជាជំហានសំខាន់មួយក្នុងការជំរុញ​ការអភិវឌ្ឍ​ក្រុងសៀមរាប ដោយបន្ថែមសំណង់ទំនើបដែលគោរពតាមលក្ខណៈបច្ចេកទេស និងបទប្បញ្ញត្តិជាធរមាន។ ការ​ពង្រីកសេវាធនាគារវីង នឹងផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ព្រមទាំងរួមចំណែកលើកកម្ពស់​វិស័យសេវាកម្មហិរញ្ញវត្ថុនៅក្នុងខេត្តផងដែរ៕