លោកជំទាវ ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងតំណាងឱ្យសមាគមធនាគារនៅកម្ពុជា បានដឹកនាំសហការីនៃសមាគមទាំងពីរ ព្រមទាំងតំណាងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុចូលរួមវគ្គបណ្តុះបណ្តាល ស្តីពី៖ «ការប្រើប្រាស់សេវាសាធារណៈតាមប្រព័ន្ធឌីជីថលរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់» ដែលរៀបចំឡើងដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្តីការក្រសួង។

វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យកាន់តែទូលាយ និងជំរុញការប្រើប្រាស់នូវសេវាសាធារណៈតាមប្រព័ន្ធឌីជីថលនៅក្នុងវិស័យធានាគារនិងហិរញ្ញវត្ថុសំដៅលើកកម្ពស់ប្រសិទ្ធភាព តម្លាភាព និងភាពត្រឹមត្រូវក្នុងការធ្វើប្រតិបត្តិការផ្សងៗ ជាពិសេសរក្សាបាននូវជំនឿទុកចិត្តរបស់អតិថិជនក៏ដូចជាសាធារណៈមកលើវិស័យហិរញ្ញវត្ថុនៅកម្ពុជា។
ក្នុងឱកាសនោះ លោកជំទាវប្រធានក្រុមប្រឹក្សាភិបាលសមាគម ក៏បានចូលរួមថ្លែងសុន្ទរកថាស្វាគមន៍ព្រមទាំងបានលើកឡើងពីអត្ថប្រយោជន៍និងសារៈសំខាន់នៃការប្រើប្រាស់សេវាសាធារណៈតាមប្រព័ន្ធឌីជីថលរបស់ក្រសួង ដ.ន.ស នៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា ជាពិសេសក្នុងដំណើរការផ្ទៀងផ្ទាត់កម្មសិទ្ធិប្លង់ ព័ត៌មានសុរិយោដី ការផ្ទេរកម្មសិទ្ធិ ក៏ដូចជាការចុះបញ្ជីហ៊ីប៉ូតែក និងលក្ខខណ្ឌនីតិវិធីផ្សេងៗ។

លោកជំទាវបានមានប្រសាសន៍ថា តាមរយៈសេវាសាធារណៈតាមប្រព័ន្ធឌីជីថលរបស់ក្រសួង ដ.ន.ស រួមមាន សេវាសូរិយោដីនិងសំណង់តាមប្រពន្ធអេឡិចត្រូនិច សេវាហ៊ីប៉ូតែក និងបញ្ចាំ ក៏ដូចជាសេវាផ្សេងៗទៀត នឹងចូលរួមចំណែកកាត់បន្ថយពេលវេលាក្នុងការធ្វើប្រតិបត្តិការផ្សេងៗរបស់មន្ត្រីក្នុងវិស័យហិរញ្ញវត្ថុ ជាពិសេសពង្រឹងភាពត្រឹមត្រូវ ជំរុញប្រសិទ្ធភាពការងារ កាត់បន្ថយថ្លៃដើមនិងហានិភ័យក្នុងការផ្ទៀងផ្ទាត់ព័ត៌មានសុរិយោដីរបស់អតិថិជន ក៏ដូចជាចូលរួមលើកម្ពស់តម្លាភាពក្នុងការវាយតម្លៃហានិភ័យឥណទានក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុ។
គួរបញ្ជាក់ដែរថា វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តិទៅក្រោមអធិបតីភាពរបស់ លោកជំទាវ សេង សុមេត្តា រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង លោកជំទាវ ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាល សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីមន្ត្រីក្រសួង ថ្នាក់ដឹកនាំសមាគមទាំងពីរ និងតំណាងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុប្រមាណជាង ៣០០ នាក់ផងដែរ៕




