អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥នេះ បានចេញសេចក្ដីប្រកាសព័ត៌មានបដិសេធ និងច្រានចោលទាំងស្រុង ចំពោះការចោទប្រកាន់របស់អ្នកនាំពាក្យកងទ័ពថៃថាកម្ពុជាបង្កប់មីនថ្មី ធ្វើឱ្យទាហានថៃជាន់បណ្តាលឱ្យរបួសជាបន្តបន្ទាប់។
នៅក្នុងរឿងនេះ អាជ្ញាធរមីនកម្ពុជា បានគូសបញ្ជាក់ថា ក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញាអូតា ដែលបច្ចុប្បន្នមាន១៦៥ប្រទេសជារដ្ឋភាគី កម្ពុជាត្រូវបានទទួលស្គាល់ជាអន្តរជាតិចំពោះសមិទ្ធផលនៃការបោសសម្អាតដ៏ច្រើនលើសលុប។ ជារឿយៗកងទ័ពថៃតែងចោទប្រកាន់កម្ពុជាដោយមិនបានផ្តល់ភស្តុតាងជាក់លាក់ ឬរបាយការណ៍នៃការស៊ើបអង្កេតពិតប្រាកដនោះឡើយ។
ឆ្លើយតបទៅនឹងការចោទប្រកាន់មិនពិត និងគ្មានមូលដ្ឋានរបស់ថៃ អាជ្ញាធរមីនបានផ្ញើរលិខិតផ្លូវការជូនប្រធាន អនុសញ្ញាអូតាវ៉ា ដើម្បីជម្រាបពីសាវតា និងប្រវត្តិដែលថៃតែងចិញ្ចឹមចិត្តឈ្លានពានកម្ពុជាដោយប្រើរូបភាពថាកម្ពុជាដាក់មីនថ្មី។
នៅក្នុងលិខិតនេះ អាជ្ញាធរមីនកម្ពុជា បានសង្កត់ធ្ងន់ថា ថៃបានយកបញ្ហាមីនធ្វើនយោបាយចោទប្រកាន់ម្តងហើយម្តងទៀត ដើម្បីជាលេសប្រើកម្លាំងយោធា ឈ្លានពានកម្ពុជា។ ដោយនៅក្នុងឆ្នាំ ២០០៨ ថៃបានចោទប្រកាន់ស្រដៀងគ្នាអំពីការដាក់មីនថ្មី ដែលការចោទ នេះគឺគ្មានភស្តុតាងច្បាស់លាស់។ ទាំងនេះ គឺជាយុទ្ធសាស្ត្រដែលថៃប្រើប្រាស់ ដើម្បីបង្កឱ្យស្ថានភាព មានភាពតានតឹងនិងឈានទៅប្រើកម្លាំងប្រដាប់អាវុធ។
អាជ្ញាធរមីន គូសបញ្ជាក់ថា កម្ពុជា មិនបានប្រើប្រាស់ ហើយនឹងមិនប្រើប្រាស់មីនប្រឆាំងមនុស្សឡើយ ហើយកម្ពុជាបដិសេធ និងថ្កោលទោសយ៉ាងខ្លាំងចំពោះការចោទប្រកាន់មិនពិតអំពីការប្រើប្រាស់មីន ដើម្បីជាហេតុផលឈ្លានពាននិងរំលោភដែនអធិបតេយ្យភាពរបស់កម្ពុជា។
ទន្ទឹមនឹងនេះ កម្ពុជា ក៏បានអំពាវនាវដល់រដ្ឋភាគីអនុសញ្ញាអូតាវ៉ាទាំងអស់ ចូលរួមការពារបូរណភាពអនុសញ្ញាអូតាវ៉ា និងច្រានចោលដាច់ខាតចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋានរវាងរដ្ឋភាគី ជាក់ស្ដែងករណីថៃចោទកម្ពុជា និងបានជំរុញឱ្យថៃបញ្ឈប់ការប្រើប្រាស់គ្រាប់បែកចង្កោម អាវុធដែលបញ្ចេញសារធាតុគីមីពុល គ្រាប់ទម្លាក់ ពីលើអាកាសប្រភេទ MK_series 80 ការចាប់និងឃុំខ្លួនទាហានកម្ពុជាក្រោយបទឈប់បាញ់ និងការរំលោភបំពានលើទាហានកម្ពុជាក្នុងអំឡុងពេលឃុំខ្លួន៕



