ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីពេលថ្មីៗនេះ បានបញ្ជាឲ្យមន្ទីរបញ្ចកោណទិញអគ្គិសនីដែលផលិតដោយធ្យូងថ្ម ក្នុងកិច្ចខិតខំប្រឹងប្រែងចុងក្រោយមួយរបស់លោក ដើម្បីជំរុញតម្រូវការឥន្ធនៈហ្វូស៊ីលមួយនេះឡើងវិញ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Aljazeera។

នៅក្នុងបទបញ្ជាប្រតិបត្តិមួយដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី១១ ខែកុម្ភៈ លោក ត្រាំ បានដឹកនាំក្រសួងការពារជាតិអាមេរិក ឲ្យចុះហត្ថលខាលើកិច្ចព្រមព្រៀងទិញរយៈពេលវែង ជាមួយបណ្តារោងចក្រថាមពលធ្យូងថ្ម និងផ្តល់អាទិភាពដល់ការប្រើប្រាស់ជាយុទ្ធសាស្រ្តនៃថាមពលដែលទាញចេញពីធ្យូងថ្ម។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ បទបញ្ជាថ្មីរបស់លោក ត្រាំ នេះ មិនបានបញ្ជាក់ថា មន្ទីរបញ្ចកោណនឹងទិញថាមពលប៉ុន្មាន ឬក្រោមលក្ខខណ្ឌហិរញ្ញវត្ថុអ្វីខ្លះនោះទេ។
មិនតែប៉ុណ្ណោះ ដោយនិយាយនៅក្នុងព្រឹត្តិការណ៍មួយនៅសេតវិមាន ដែលមានការចូលរួមពីនាយកប្រតិបត្តិឧស្សាហកម្មធ្យូងថ្ម និងអ្នករុករករ៉ែជាច្រើន លោក ត្រាំ បានលើកឡើងថា ៖” អ្នកទាំងអស់គ្នាពិតជាបានចូលរួមចំណែកច្រើនណាស់។ យើងនឹងប្រែក្លាយធនធានធម្មជាតិទាំងនោះទៅជាទ្រព្យសម្បត្តិ និងក្តីសុបិនរបស់អាមេរិក”។
ជាមួយគ្នានេះ លោក ត្រាំ ក៏បានប្រកាសផងដែរថា ក្រសួងថាមពលអាមេរិក នឹងវិនិយោគទឹកប្រាក់ ១៧៥លានដុល្លារ ដើម្បីធ្វើឲ្យប្រសើឡើងនូវរោងចក្រថាមពលធ្យូងថ្មចំនួនប្រាំមួយ ស្ថិតនៅក្នុងរដ្ឋ North Carolina, Ohio, West Virginia, Kentucky និង Virginia។
ជម្រាបជូនថា ការផលិតធ្យូងថ្មនៅសហរដ្ឋអាមេរិក បានធ្លាក់ចុះអស់រយៈពេលជាច្រើនទសវត្សមកហើយ ដោយសារតែការប្រកួតប្រជែងកាន់តែខ្លាំងឡើងពីថាមពលឧស្ម័នធម្មជាតិ និងថាមពលកកើតឡើងវិញ រួមទាំងថាមពលខ្យល់ វារីអគ្គិសនី និងថាមពលព្រះអាទិត្យ ជាដើម៕

