ចិន និងម៉ិកស៊ិក ដឹកដៃគ្នាចូលតុពិភាក្សា ចំពេលមានភាពតានតឹងផ្នែកពន្ធគយ

អន្តរជាតិ

លោក Li Chenggang ប្រធានអ្នកចរចាពាណិជ្ជកម្មរបស់ចិន កាលពីពេលថ្មីៗនេះ បានជួបជាមួយអនុរដ្ឋមន្ត្រីសេដ្ឋកិច្ចម៉ិកស៊ិក លោក Vidal Llerenas នៅទីក្រុងប៉េកាំង សម្រាប់កិច្ចពិភាក្សាផ្ទាល់មុខគ្នាជាលើកដំបូង ចាប់តាំងពីម៉ិកស៊ិកបានដាក់ពន្ធខ្ពស់លើការនាំចូលរបស់ចិន ដែលទទួលបានការព្រមានពីទីក្រុងប៉េកាំងមក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងពាណិជ្ជកម្មចិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី១២ ខែកុម្ភៈនេះថា ប្រទេសទាំងពីរបានធ្វើការផ្លាស់ប្តូរគ្នាយ៉ាងស៊ីជម្រៅលើទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី និងបញ្ហាផ្សេងៗទៀត ក្នុងអំឡុងកិច្ចប្រជុំនោះ។

ជុំវិញការពិភាក្សានេះ បានកើតឡើង នៅពេលដែលម៉ិកស៊ិកបានប្រកាសកាលខែធ្នូ ជុំវិញការដំឡើងពន្ធយ៉ាងច្រើនលើប្រទេសចិន និងប្រទេសដទៃទៀតដែលគ្មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយម៉ិកស៊ិក រហូតដល់ ៣៥% ។

យ៉ាងណាមិញ ចំពោះការដំឡើងពន្ធរបស់ម៉ិកស៊ិកនេះ ត្រូវបានអនុវត្តចំពោះទំនិញរាប់ពាន់មុខ រួមទាំងរថយន្ត គ្រឿងបន្លាស់រថយន្ត វាយនភណ្ឌ សម្លៀកបំពាក់ ផ្លាស្ទិច និងដែកថែប ផងដែរ។

មិនតែប៉ុណ្ណោះ ប្រធានាធិបតីម៉ិកស៊ិក លោកស្រី Claudia Sheinbaum បាននិយាយថា ពន្ធទាំងនេះមានគោលបំណងបង្កើនផលិតកម្មក្នុងស្រុក និងដោះស្រាយអតុល្យភាពពាណិជ្ជកម្ម។ ហើយពន្ធគយទាំងនេះត្រូវបានគេរំពឹងថានឹងមានផលប៉ះពាល់ធំបំផុតទៅលើប្រទេសចិន ដែលជាដៃគូពាណិជ្ជកម្មធំទីពីររបស់ប្រទេសម៉ិកស៊ិក បន្ទាប់ពីសហរដ្ឋអាមេរិក។

ទន្ទឹមនឹងនេះ ក្រសួងពាណិជ្ជកម្មចិនបានព្រមានប្រទេសម៉ិកស៊ិក ឲ្យគិតឡើងវិញ មុនពេលដាក់ពន្ធគយ ហើយបាននិយាយថា ខ្លួននឹងចាត់វិធានការឆ្លើយតបដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន។ ប៉ុន្តែយ៉ាងណាក៏ដោយគិតរហូតមកដល់ពេលនេះ ទីក្រុងប៉េកាំង មិនទាន់បានប្រកាសពីវិធានការតបតណាមួយនៅឡើយទេ៕​