សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ អ្នកឧកញ៉ា ម៉ម វណ្ណឌី និងភរិយា ចូលជួបសម្តែងការគួរសម និងប្រគល់​លិខិតតែងតាំងជា អនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

ជុំវិញ​ឧកញ៉ា

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នៅព្រឹកថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានអនុញ្ញាតឱ្យ អ្នកឧកញ៉ា ម៉ម វណ្ណឌី និងភរិយា លោកជំទាវអ្នកឧកញ៉ា ទៀង ផល្លា ចូលជួប​សម្តែង​ការគួរសម ព្រមទាំងប្រគល់ជូនសេចក្តីសម្រេចតែងតាំង អ្នកឧកញ៉ា ម៉ម វណ្ណឌី ជា «អនុប្រធាន​សមាគមអតីត​យុទ្ធជន និងនិវត្តជនកម្ពុជា» ជាផ្លូវការ នៅការិយាល័យផ្ទាល់របស់សម្តេច។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សមាគមអតីតយុទ្ធជនកម្ពុជា ត្រូវបានផ្លាស់ប្តូរឈ្មោះទៅជា«សមាគមអតីយុទ្ធជន និងនិវត្តជនកម្ពុជា» ដែលហៅ​កាត់ថា (អ.ន.ក) ជាមួយនឹងការផ្លាស់ប្តូរនិមិត្តសញ្ញាថ្មីរបស់សមាគម ក្នុងមហាសន្និបាតវិសាមញ្ញតំណាង​សមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេសនាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥។ ក្នុងមហាសន្និបាត​លើកទី៣​នេះ ក៏បានសម្រេចជ្រើសតាំង សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ធ្វើជាប្រធានសមាគមនេះអស់​មួយ​ជីវិតផងដែរ។

សូមជម្រាបថា សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា មានសម្ដេចតេជោ ហ៊ុន សែន ជាប្រធាន និងសម្ដេច​ធិបតី ហ៊ុន ម៉ាណែត ជាអនុប្រធានទី១ នៃសមាគម។ ជាមួយគ្នានេះក៏មាន ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី ជាអនុប្រធានសមាគម និងជាអគ្គលេខាធិការ នៃសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នេះផងដែរ៕