សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានអនុញ្ញាតឱ្យ អ្នកឧកញ៉ា ម៉ម វណ្ណឌី និងភរិយា លោកជំទាវអ្នកឧកញ៉ា ទៀង ផល្លា ចូលជួបសម្តែងការគួរសម ព្រមទាំងប្រគល់ជូនសេចក្តីសម្រេចតែងតាំង អ្នកឧកញ៉ា ម៉ម វណ្ណឌី ជា «អនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា» ជាផ្លូវការ នៅការិយាល័យផ្ទាល់របស់សម្តេច។

សមាគមអតីតយុទ្ធជនកម្ពុជា ត្រូវបានផ្លាស់ប្តូរឈ្មោះទៅជា«សមាគមអតីយុទ្ធជន និងនិវត្តជនកម្ពុជា» ដែលហៅកាត់ថា (អ.ន.ក) ជាមួយនឹងការផ្លាស់ប្តូរនិមិត្តសញ្ញាថ្មីរបស់សមាគម ក្នុងមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេសនាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥។ ក្នុងមហាសន្និបាតលើកទី៣នេះ ក៏បានសម្រេចជ្រើសតាំង សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ធ្វើជាប្រធានសមាគមនេះអស់មួយជីវិតផងដែរ។
សូមជម្រាបថា សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា មានសម្ដេចតេជោ ហ៊ុន សែន ជាប្រធាន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត ជាអនុប្រធានទី១ នៃសមាគម។ ជាមួយគ្នានេះក៏មាន ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី ជាអនុប្រធានសមាគម និងជាអគ្គលេខាធិការ នៃសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នេះផងដែរ៕



