ឧកញ៉ា សុខ ពិសិដ្ឋ ចូលរួមកិច្ចប្រជុំអន្តរក្រសួងពិភាក្សាអំពីការគ្រប់គ្រង និងប្រើប្រាស់អាកាសយានដ្ឋាន​អន្តរជាតិភ្នំពេញ

ជុំវិញ​ឧកញ៉ា

ឧកញ៉ា សុខ ពិសិដ្ឋ ទីប្រឹក្សាផ្ទាល់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួងដើម្បីសិក្សាអំពីការគ្រប់គ្រង និងប្រើប្រាស់អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ (ព្រលានយន្តហោះចាស់ ពោធិ៍ចិនតុង) ដែលហៅកាត់ថា (ក.ស.អ.)។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្ដម ឈាង វណ្ណារិទ្ធ រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្រ្តី និងជា​ប្រធានក្រុមការងារ ក.ស.អ. ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដមអនុប្រធាន និងសមាជិក នៃក.ស.អ. សំដៅ​ពិនិត្យ និងពិភាក្សាលើការកំណត់វិសាលភាពរបស់ ក.ស.អ. និងការរៀបចំផែនការមេសម្រាប់ការប្រើប្រាស់​អាកាស​យានដ្ឋានអន្តរជាតិភ្នំពេញ។ 

ក្នុងឱកាសនោះ, ឯកឧត្ដមប្រធាន បានស្នើ ឯកឧត្ដម ជា អូន រដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍​ស៊ីវិល និងជាអនុប្រធាន ក.ស.អ. ធ្វើបទបង្ហាញស្ដីពីស្ថានភាពបច្ចុប្បន្ននៃ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ជូន​អង្គប្រជុំ ដើម្បីមានមូលដ្ឋានក្នុងការពិភាក្សា។

ផ្អែកលើការពិភាក្សា និងផ្លាស់ប្ដូរយោបល់យ៉ាងផុលផុស ឯកឧត្ដមប្រធានអង្គប្រជុំ បានកំណត់ទិសដៅ​ការងារទៅ​មុខ​សំខាន់ៗ និងស្នើឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធពន្លឿនការអនុវត្តនូវកិច្ចការទាំងនោះ ដើម្បីកំណត់មូលដ្ឋានឱ្យ​ច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយសម្រាប់ការរៀបចំផែនការមេ ប្រែក្លាយអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ព្រលានយន្តហោះចាស់) ដើម្បីបម្រើប្រយោជន៍សាធារណៈឱ្យបានជាអតិបរមា ប្រកបដោយប្រសិទ្ធភាព និងចីរភាព៕