អ្នកឧកញ៉ា គិត ម៉េង ជាប់ឆ្នោតជាប្រធានថ្មីនៃតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ជាប់ឆ្នោតជាប្រធានថ្មីនៃតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSP) ក្នុងកិច្ចប្រជុំវិសាមញ្ញរបស់ម្ចាស់ភាគហ៊ុននិក (EGM) របស់តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២។ លោកថា ជាកិត្តិយសដ៏អស្ចារ្យបំផុត បន្ទាប់ពីទទួលធ្វើជាប្រធានលើកដំបូងនៃតំបន់សេដ្ឋកិច្ចពិសេសដែលធំជាងគេនៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកឧកញ៉ា គិត ម៉េង បានគូសបញ្ជាក់ថា ការវិនិយោគទិញភាគហ៊ុនមួយនេះ គឺជាការបោះជំហានមួយដ៏មានសារៈសំខាន់សម្រាប់ការអភិវឌ្ឍរបស់ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប។

ជាមួយនឹងធុរកិច្ចថ្មីនេះ អ្នកឧកញ៉ាបានថ្លែងដោយបង្ហាញក្តីសង្ឃឹមខ្ពស់ថា៖ “យើងនឹងនាំមកនូវប្រព័ន្ធបច្ចេកវិទ្យាថ្មី ការគ្រប់គ្រង យុទ្ធសាស្ត្រអាជីវកម្ម និងអ្នកវិនិយោគន្ថែមទៀត ដើម្បីបន្តអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស។ យើងធ្វើការរួមគ្នា ដើម្បីនាំតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញទៅកាន់ការទាក់ទាញដ៏អស្ចារ្យមួយកម្រិតទៀត”

May be an image of outdoors

គួររម្លឹកថា កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១កន្លងទៅ ក្រុមហ៊ុន អ៊ិនធើ ទ្បូជីស្ទីក (ខេមបូឌា) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បានទិញភាគហ៊ុនចំនួន ៤៥,០៩% នៃភាគហ៊ុនសរុបរបស់ក្រុមហ៊ុន ភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី (PPSP-តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ) និងបានក្លាយជាភាគហ៊ុននិកដែលមានសិទ្ធិបោះឆ្នោតចំនួនច្រើនលើសលប់នៅក្នុងក្រុមហ៊ុនដែលអភិវឌ្ឍតំបន់ឧទ្យានឧស្សាហកម្មនេះ។

តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ បាននាំយកក្រុមហ៊ុនផលិត និងសេវាកម្មច្រើនជាង ៩៥ មកពី១២ប្រទេស និងផ្តល់ការងារដល់បុគ្គលិកជាង ៣២,០០០នាក់។ តំបន់សេដ្ឋកិច្ចពិសេសនេះ មានផ្ទីដីទំហំប្រមាណ ៣៥៧ហិកតា ដែលមានក្រុមហ៊ុនអន្តរជាតិជាង ៨០ មកពី១៥ប្រទេសផ្សេងៗគ្នាបានវិនិយោគនៅក្នុងតំបន់នេះ។

តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ គឺជាក្រុមហ៊ុនសាធារណៈដែលបានចុះបញ្ជីពាណិជ្ជកម្មក្រោមផ្សារមូលបត្រកម្ពុជា។ តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ត្រូវបានបង្កើតទ្បើង ដើម្បីផ្តល់នូវការលើកទឹកចិត្ត និងអត្ថប្រយោជន៍ជាច្រើនពីរដ្ឋាភិបាលដល់អ្នកអភិវឌ្ឍ ប្រតិបត្តិករនិងអ្នកវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ ដូចជា៖ ការលើកលែងពន្ធគយ ពន្ធលើប្រាក់ចំណូល និងពន្ធផ្សេងៗទៀត។

ទន្ទឹមនឹងនោះ តំបន់សេដ្ឋកិច្ចពិសេស ក៏បានចូលរួមជួយកាត់បន្ថយការចំណាយលើហេដ្ឋារចនាសម្ព័ន្ធ ទឹកភ្លើង វត្ថុធាតុដើម និងធនធានផ្សេងទៀត ដែលបង្កើនការប្រកួតប្រជែងក្នុងការនាំចេញ និងផ្តល់អត្ថប្រយោជន៍ដល់ពាណិជ្ជកម្មអន្តរជាតិផងដែរ៕

May be an image of map